(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ បានប្រតិកម្មតបតយ៉ាងខ្លាំង ក៏ដូចជាទាត់ចោលផងដែរនូវការរិះគន់ទាំងឡាយ មកលើវិធានការដោះស្រាយវិបត្តិ COVID-19 នៃរដ្ឋបាលរបស់លោក ជាមួយអះអាងថា លោកមានអំណាចពេញលេញ ក្នុងនាមជាប្រធានាធិបតីអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្នុងសេតវិមាននៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានបញ្ជាក់ត្រង់ៗថា ការរិះគន់មកលើរូបលោក និងរដ្ឋបាលរបស់លោក គឺជារឿងមិនត្រឹមត្រូវ ព្រោះវិធានការបច្ចុប្បន្នកំពុងបង្ហាញពីប្រសិទ្ធភាព។ លោក ត្រាំ លើកឡើងយ៉ាងដូច្នេះថា «អ្វីដែលយើងកំពុងធ្វើ គឺកំពុងដើរលើផ្លូវត្រូវ... នៅពេលនរណាម្នាក់ កាន់តំណែងជាប្រធានាធិបតីអាមេរិក នោះអ្នកនឹងមានអំណាចពេញលេញ ហើយខ្ញុំនឹងបញ្ចេញរបាយការណ៍ ដើម្បីគាំទ្រការអះអាងរបស់ខ្ញុំ»។
គួរបញ្ជាក់ថា ខណៈកំពុងរងការរិះគន់ ជុំវិញការដោះស្រាយវិបត្តិ COVID-19 លោក ដូណាល់ ត្រាំ ក៏ត្រូវបានគេរាយការណ៍ដែរថា មានបំណងបណ្ដេញទីប្រឹក្សាសុខាភិបាលជាតិអាមេរិក លោក អាន់ថូនី ហ្វូស៊ី (Anthony Fauci) ចេញពីតំណែង។ ប៉ុន្តែសេតវិមាន បានទាត់ចោលព័ត៌មាននេះដោយចាត់ទុកថា វាគឺជារឿងអស់សំណើច និងបញ្ជាក់ថា លោក Fauci គឺជាទីប្រឹក្សាដ៏គួរឱ្យទុកចិត្តម្នាក់របស់លោក ត្រាំ។
បើតាមគេហទំព័រ worldometers សហរដ្ឋអាមេរិក នៅតែបន្តឈរលើកំពូលតារាង ក្នុងនាមជាប្រទេសមានអ្នកស្លាប់ និងឆ្លង COVID-19 ច្រើនជាងគេនៅពិភពលោក ដោយមានអ្នកស្លាប់ ២៣,៦៤៤នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៥៨៧,១៥៥នាក់ ខណៈអ្នកជាសះស្បើយវិញមានចំនយន ៣៦,៩៤៨នាក់៕