(ប៉េកាំង)៖ រថយន្តតាក់ស៊ីស្វ័យប្រវត្តិប្រមាណ៣០គ្រឿង ត្រូវបានដាក់ឲ្យដំណើរការជាសាធារណៈក្នុងទីក្រុង Changsha នៅខេត្ត Hunan ភាគកណ្តាលនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។

សម្រាប់ការប្រើប្រាស់សេវាតាក់ស៊ី ដែលមានសមត្ថភាពបើកបរដោយស្វ័យប្រវត្តិនេះ គឺគេអាចជិះពួកវាបានដោយឥតគិតថ្លៃ តាមរយៈ កម្មវិធីទូរស័ព្ទមួយ ដែលបង្កើតឡើងសម្រាប់សេវាធ្វើដំណើរនេះផ្ទាល់។ នៅក្នុងរថយន្តតាក់ស៊ីនីមួយៗ មានអ្នកបច្ចេកទេសម្នាក់ ឬពីរនាក់ អង្គុយប្រចាំការនៅក្នុងនោះ ដើម្បីធានាសុវត្ថិភាពជូនអ្នកធ្វើដំណើរ ក្នុងករណីមានបញ្ហាខុសប្រក្រតីណាមួយកើតឡើង។ នៅក្នុងរថយន្ត អ្នកដំណើរអាចមើលអំពីស្ថានភាពផ្លូវ ល្បឿន និងគន្លងផ្លូវធ្វើដំណើរ លើថេប្លេតមួយ ដែលអាចប្រើសម្រាប់ចាក់បទចម្រៀងបានផងដែរ។

ក្រុមរថយន្តតាក់ស៊ីខាងលើត្រូវបានដាក់ឈ្មោឲ្យថា Robotaxi ដែលស្ថិតក្រោមការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនដឹកជញ្ជូនឆ្លាតវៃ Hunan Apollo Intelligent Transportation Co., Ltd ដែលមានមូលដ្ឋាននៅតំបន់ Xiangjiang New Area នៃទីក្រុង Changsha។ វិសាលភាពនៃ សេវាតាក់ស៊ីស្វ័យប្រវត្តិ Robotaxi គឺទំហំប្រហែល១៣០គីឡូម៉ែត្រក្រឡា ដែលគ្របដណ្តប់លើតំបន់លំនៅឋាន តំបន់ហាងលក់ទំនិញ និងតំបន់កន្លែងកម្សាន្ត ព្រមទាំងតំបន់ឧស្សាហកម្ម។

គួរជម្រាបថា សេវាកម្មរថយន្តតាក់ស៊ីដ៏ទំនើបនេះ ត្រូវបានដាក់ឲ្យដំណើរការសាកល្បង កាលពីខែកញ្ញា ឆ្នាំ២០១៩ ប៉ុន្មានខែមុនការផ្ទុះរាល ដាលនៃជំងឺឆ្លងដ៏កាចសាហាវ COVID-19 នៅឯទីក្រុងវូហាននៃខេត្ត Hubei៕