(ម៉ាហ្គាដាស្កា)៖ ប្រធានាធិបតីម៉ាដាហ្គាស្កា លោក Andry Rajoelina បានប្រកាសជាផ្លូវការថា មានតែបុរាណក្នុងតំបន់ម្យ៉ាង ដែលអាចបង្ការ និងព្យាបាលជំងឺឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post និងសារព័ត៌មាន AFP នាយប់ថ្ងៃទី២១ ខែមេសា ២០២០។

លោក Rajoelina ធ្វើការអះអាងខាងលើប្រាប់ក្រុមរដ្ឋមន្ត្រី, មន្ត្រីការទូត និងអ្នកសារព័ត៌មាន នៅឯវិទ្យាស្ថាន Malagasy Institute of Applied Research ។ ថ្លែងនាឱកាស នោះ លោកប្រធានាធិបតីរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ការធ្វើតេស្ត ត្រូវបានធ្វើឡើងលើមនុស្ស២នាក់ ដែលបានជាសះស្បើយ តាមរយៈការព្យាបាលនេះ »។ លោកបន្តថា៖ «តែបុរាណនេះ ផ្តល់លទ្ធផលនៃការព្យាបាល ក្នុងរយៈពេល៧ថ្ងៃ»

បើតាមវិទ្យាស្ថានដដែល ទឹកតែជាថ្នាំបុរាណ ដែលគេឲ្យឈ្មោះថា «Covid-Organics» គឺកើតចេញមកពីរុក្ខជាតិ ដែលមានប្រសិទ្ធភាព ក្នុងការព្យាបាលជំងឺគ្រុនចាញ់ និងរុក្ខជាតិដទៃទៀត។ ប៉ុន្តែសុវត្ថិភាព និងប្រសិទ្ធិភាពរបស់វា មិនទាន់ត្រូវបានវាយតម្លៃ ជាលក្ខណៈអន្តរជាតិនោះទេ។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្របានព្រមាន ពីហានិភ័យ ពីការប្រើប្រាស់ថ្នាំបុរាណ ដើម្បីព្យាបាលជំងឺ ដោយមិនមានការពិសោធន៍។

ម៉ាដាហ្គាស្កា ដែលជាប្រទេសដែនកោះ ស្ថិតក្នុងមហាសមុទ្រឥណ្ឌានេះ គិតមកដល់បច្ចុប្បន្ន មានករណីឆ្លងចំនួន១២១ករណី និងមិនមានអ្នកស្លាប់នោះទេ៕