(ញូយ៉ក)៖ ទិន្នន័យពីសាកលវិទ្យាសាស្ត្រអាមេរិក ចន ហប់ឃីនស៍ (Johns Hopkins University) បានបង្ហាញឲ្យឃើញថា នៅក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ (គិតត្រឹមម៉ោង ៨៖០០នាទីយប់ថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៩,៤៦៩ករណីថ្មីទៀត ដែលនាំឲ្យចំនួនសរុបកើនឡើងដល់ ៨២៣,៧៨៦ករណី។ នេះបើតាមការដកស្រង់ និងចេញផ្សាយបន្តដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។

នៅក្នុងរយៈពេល ២៤ម៉ោងដដែលនោះ អ្នកជំងឺសរុប ២,៧៥១នាក់ទៀត ក៏បានបាត់បង់ជីវិតផងដែរ ដែលនាំឲ្យចំនួនមនុស្សស្លាប់ ដោយសារតែជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិក កើនឡើងដល់ ៤៤,៨៤៥នាក់។ បើពិនិត្យមើលទៅលើតួលេខមនុស្សស្លាប់ ដែលត្រូវបានរាយការណ៍កាលពីថ្ងៃអង្គារនោះ គឺវាច្រើនជាងជិត ២ដង បើធៀបនឹងតួលេខមួយថ្ងៃមុនទៀត ដោយកាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានរាយការណ៍ថា មនុស្សសរុប ១,៤៣៣នាក់បានស្លាប់ ក្នុងពេលតែ ២៤ម៉ោងដោយសារជំងឺ COVID-19 ដ៏កាចសាហាវ។

សូមបញ្ជាក់ថា ចំពោះករណីឆ្លងនេះបើតាមគេហទំព័រពិភពលោក worldometers បានបង្ហាញថា ក្នុងរយៈពេល២៤ម៉ោង ករណីឆ្លងជំងឺកូវីដថ្មីនៅសហរដ្ឋអាមេរិកមានចំនួន ២៥,៩៨៥នាក់ ខណៈអ្នកស្លាប់២៨០៤នាក់៕