(ហ្សឺណេវ)៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឲ្យដឹងថា ចំនួននៃការវាយប្រហារ តាមប្រព័ន្ធអ៊ីនធើណិត (Cyber Attack) ប្រឆាំងនឹងខ្លួន បានកើនឡើងប្រាំដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។
តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អង្គការសុខភាពពិភពលោក WHO បានលើកឡើងថា គ្រាន់តែនៅក្នុងសប្តាហ៍នេះប៉ុណ្ណោះ គណនី និងលេខសម្ងាត់របស់អ៊ីមែលអង្គការចំនួន ៤៥០ ត្រូវបានគេហែកចូលយកទៅប្រើប្រាស់ ដោយជនអនាមិករាប់ពាន់នាក់ ក្នុងការឆ្លើយតបនឹងបញ្ហាជំងឺ COVID-19។
តែទោះយ៉ាងណាអង្គការអន្តរជាតិមួយនេះបានបញ្ជាក់ថា «ទិន្នន័យដែលបានលេចធ្លាយ មិនបានធ្វើឲ្យប្រព័ន្ធសុខាភិបាលពិភពលោកជួបគ្រោះថ្នាក់ទេ ព្រោះទិន្នន័យទាំងនោះមិនមែនជាទិន្នន័យថ្មីៗនោះឡើយ។ ប៉ុន្តែអ្វីដែលប៉ះពាល់ គឺទៅលើប្រព័ន្ធផ្សារភ្ជាប់ទំនាក់ទំនងពីមុនៗ (Extranet) ដែលត្រូវបានប្រើប្រាស់ដោយបុគ្គលិកបច្ចុប្បន្ន និងបុគ្គលិកចូលនិវត្តន៍ ក៏ដូចជាដៃគូរបស់ខ្លួនជាដើម»។
ប្រឈមមុខនឹងបញ្ហានេះ អង្គការសុខភាពពិភពលោក WHO បាននិយាយថា ឥឡូវនេះខ្លួនកំពុងផ្លាស់ប្តូរប្រព័ន្ធដែលបានរងផលប៉ះពាល់ ទៅជាប្រព័ន្ធផ្ទៀងផ្ទាត់ដែលមានសុវត្ថិភាពជាងមុន។
WHO ស្នើឲ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអ៊ីមែលក្លែងបន្លំ ព្រមទាំងផ្តល់អនុសាសន៍ឲ្យប្រើប្រាស់ប្រភពព័ត៌មានណា ដែលអាចទុកចិត្តបានប៉ុណ្ណោះ ក្នុងការទទួលបានព័ត៌មានអំពីជំងឺ COVID-19 និងបញ្ហាសុខភាពផ្សេងៗទៀត៕