(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានព្រមានថា នឹងប្រកាសឲ្យប្រើប្រាស់ «ច្បាប់អាជ្ញាសឹក» ប្រសិនបើក្រុមឧទ្ទាមភាគខាងត្បូង ធ្វើការបង្អាក់ដំណើរការ នៃការផ្តល់ជំនួយសង្រ្គោះដល់ប្រជាជនហ្វីលីពីន ដែលរងផលប៉ះពាល់ដោយផ្ទាល់ពីជំងឺ COVID-19 ហើយថែមទាំងបានស្នើឲ្យយោធាទាំងអស់ ត្រៀមខ្លួនឲ្យហើយទៅដើម្បីអនុវត្តច្បាប់ផងដែរ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។
នៅក្នុងកិច្ចប្រជុំមួយ ស្តីអំពីការពន្យារពេលបន្ថែម ចំពោះវិធានការទប់ស្កាត់ជំងឺ COVID-19 ដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ នៅព្រឹកថ្ងៃសុក្រនេះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមព្រមានដល់អ្នករាល់គ្នាថា ខ្ញុំកំពុងតែជូនដំណឹងទៅដល់ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីនគបាលឲ្យត្រៀមខ្លួនឲ្យហើយ។ ព្រោះថាខ្ញុំអាចនឹងប្រកាសច្បាប់អាជ្ញាសឹក ហើយវានឹងមិនអាចត្រឡប់ក្រោយវិញទេ»។
លោកប្រធានាធិបតីហ្វីលីពីនរូបនេះ តែងតែមានទំនាស់ជារើយៗជាមួយកងទ័ពប្រជាជនថ្មី ដែលជាហៅកាត់ថា NPA។ NPA នេះគឺជាក្រុមឧទ្ទាមប្រដាប់អាវុធមួយ របស់បក្សកុម្មុយនីស្តហ្វីលីពីន ហើយទំនាស់នេះវាចេះតែអាក្រក់ទៅៗ បន្ទាប់ពីដំណើរការកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានបំពានម្តងហើយម្តងទៀត។
គួរជម្រាបថា កាលពីសប្តាហ៍មុនលោក ឌូតឺតេ ក៏បានគំរាមចាត់វិធានការស្រដៀងនឹងច្បាប់អាជ្ញាសឹកផងដែរ ដើម្បីទប់ស្កាត់លំហូរប្រជាជននៅក្នុងរដ្ឋធានី ក្រោយពីអាជ្ញាធរមើលឃើញថា ចំនួនរថយន្តនៅលើដងផ្លូវរបស់ទីក្រុងមួយនេះបានការកើនឡើង ខណៈសន្ទុះនៃការឆ្លងរីករាលដាលជំងឺ COVID-19 នៅក្នុងប្រទេសហាក់មិនទាន់ធូរស្រាលនៅឡើយ។
គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ តួលេខអ្នកសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះបានលើនដល់ ៦,៩៨១ករណី ដោយក្នុងនោះស្លាប់ ៤៦២នាក់ ខណៈ ៧២២នាក់ ផ្សេងទៀងបានជាសះស្បើយឡើងវិញុ៕