(ហ្សឺណែវ)៖ តាមរយៈរបាយការណ៍ប្រចាំថ្ងៃ ស្តីពីស្ថានការណ៍នៃវិបត្តិជំងឺឆ្លង COVID-19 ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា ភស្តុតាងដែលមានស្រាប់ទាំងអស់បង្ហាញថា វីរុសកូរ៉ូណាថ្មី (SARS-CoV-2) ដែលបង្កជំងឺរាតត្បាតជាសកលនេះ ពិតជាមានប្រភពដើមមកពីសត្វ មិនមែនត្រូវបានគេកែច្នៃ ឬបង្កើតឡើងដោយចេតនានោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។
អង្គការ WHO បានលើកឡើងដូច្នេះថា «ក្រុមអ្នកស្រាវជ្រាវជាច្រើនបានធ្វើការពិនិត្យមើល ទៅលើទម្រង់ហ៊្សែនរបស់វីរុសកូរ៉ូណាថ្មី (SARS-CoV-2) ហើយបានឲ្យដឹងថា ដោយយោងទៅតាមលទ្ធផលវិទ្យាសាស្រ្តជាក់ស្តែង គឺវីរុសកូរ៉ូណាប្រភេទថ្មីនេះ ពុំមែនជាវីរុសបង្កើតឡើងឬកែច្នៃចេញពីក្នុងមន្ទីពិសោធន៍ឡើយ»។ បើតាមការគូសបញ្ជាក់របស់ WHO ប្រសិនវាជាវីរុសបង្កើតឡើងដោយមនុស្ស នោះរចនាសម្ព័ន្ធហ៊្សែនរបស់វាទាំងមូល នឹងបង្ហាញឲ្យឃើញពីភាពលាយឡំគ្នារវាងធាតុ ដែលអ្នកវិទ្យាសាស្រ្តធ្លាប់ស្គាល់ ប៉ុន្តែជាក់ស្តែងវាមិនយ៉ាងដូច្នោះទេ។
គួរជម្រាបថា យោងតាមអង្គការ WHO លទ្ធផលនៃការវិភាគ និងស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្ត ទៅលើករណីឆ្លងជាច្រើននៃវីរុសនេះ ទាំងនៅក្នុងប្រទេសចិន និងជុំវិញពិភពលោកបង្ហាញឲ្យឃើញថា វីរុសកូរ៉ូណាថ្មី មានប្រភពដើមពីធម្មជាតិ ក្នុងចំណោមប្រភេទសត្វប្រចៀវ ដែលបានឆ្លងមកដល់មនុស្ស ប៉ុន្តែនៅមិនទាន់ច្បាស់ថា ជាប្រភេទណាមួយនោះឡើយ៕