(រ៉ង់ហ្គូន)៖ ចំនួនអ្នកឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនដល់ ១៤៩ករណីហើយ បន្ទាប់ពីការរកឃើញ ០៣ករណីបន្ថែមទៀត កាលពីថ្ងៃអង្គារម្សិលមិញនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងសុខាភិបាល និងកីឡារបស់ប្រទេសមីយ៉ាន់ម៉ា ដកស្រង់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលមីយ៉ាន់ម៉ាបានគូសបញ្ជាក់ថា ករណីឆ្លងថ្មីៗទាំង ០៣ករណីខាងលើ គឺត្រូវបានរាយការណ៍ចេញពីតំបន់ រ៉ង់ហ្គូន (Yangon) ហើយពួកគេសុទ្ធតែធ្លាប់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយករណីដែលបានបញ្ជាក់មុនៗ។
គួរជម្រាបថា បើគិតចាប់តាំងជំងឺ COVID-19 ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីថ្ងៃទី ២៣ ខែមីនា មីយ៉ាន់ម៉ាបានកត់ត្រាករណីស្លាប់ចំនួន ០៥នាក់ក្នុងចំណោមករណីឆ្លងសរុបទាំង ១៤៩ករណីខាងលើ ដោយក្នុងនោះក៏មានអ្នកជាសះស្បើយចំនួន ១៦នាក់ផងដែរ៕