(ញូដេលី)៖ គិតត្រឹមថ្ងៃពុធនេះករណីឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទសឥណ្ឌាបានកើនលើស ៣០,០០០ករណីនៅទូទាំងប្រទេស ដោយក្នុងនោះអ្នកជំងឺជាង ១,០០០នាក់បានស្លាប់បាត់បង់ជីវិត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាលឥណ្ឌាបានគូសបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង ៨៖០០នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅញូដេលី) ចំនួនករណីឆ្លងសរុប នៃជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌាបានកើនដល់ ៣១,៣៣២ករណីហើយ ខណៈករណីស្លាប់សរុបវិញបានកើនដល់ ១,០០៧ នាក់»។
ជាមួយគ្នានេះក្រសួងក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលពេញមួយថ្ងៃកន្លងទៅនេះ មានករណីឆ្លងថ្មីចំនួន ១,៣៩២ករណី និងករណីស្លាប់ចំនួន ៧០នាក់បន្ថែមទៀតត្រូវបានរាយការណ៍។ ដោយឡែកសម្រាប់ករណីជាសះស្បើយវិញ ក្រសួងមិនបានបញ្ជាក់លម្អិតនោះទេ ដោយគ្រាន់តែលើកជាចំនួនសរុបថា បានកើនដល់ ៧,៦៩៦នាក់។
គួរបញ្ជាក់ថា រដ្ឋ មហារ៉ាស្ត្រា (Maharashtra) នៅតែជារដ្ឋដែលរងគ្រោះខ្លាំងជាងគេបំផុតនៅឥណ្ឌា ដែលមានករណីឆ្លងរហូតដល់ ៩,៣១៨ ករណី និងករណីស្លាប់ ៤០០ នាក់។ បន្ទាប់មកទៀត យើងឃើញមានដូចជា រដ្ឋដេលីមានចំនួនករណីឆ្លង ៣,៣១៤ករណី និងស្លាប់ ៥៤នាក់ ក៏ដូចជារដ្ឋហ្គូចារ៉ាត់ (Gujarat) មានចំនួន ៣,៧៤៤ករណី និងស្លាប់ ១៨១នាក់៕