(ម៉ានីល)៖ ប្រទេសហ្វីលីពីននៅតែបន្តរកឃើញអ្នកឆ្លងជំងឺ COVID-19 រាប់រយនាក់ក្នុងមួយថ្ងៃៗ ដោយនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ នេះតែម្តង អ្នកឆ្លងជំងឺនេះ ២៧៦នាក់បន្ថែមទៀតត្រូវបានរាយការណ៍ នាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៨,៤៨៨ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
អាជ្ញាធរសុខាភិបាលហ្វីលីពីនបានបញ្ជាក់ឲ្យដឹងទៀតថា អ្នកជំងឺ ១០នាក់បន្ថែមទៀត ក៏បានបាត់បង់ជីវិតផងដែរ ដែលប្រការនេះនាំឲ្យចំនួនអ្នកស្លាប់សរុប ដោយសារតែជំងឺរាតត្បាតសកល COVID-19 នៅក្នុងប្រទេសហ្វីលីពីន កើនឡើងដល់ ៥៦៨នាក់។ ដោយឡែកអ្នកជាសះស្បើយ ២០នាក់បន្ថែមទៀត ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ១,០៤៣នាក់។
គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលហ្វីលីពីន មិនទាន់អាចសន្មត់ថា ប្រទេសដីកោះមួយនេះបានឆ្លងផុត ចំណុចកំពូលនៃការឆ្លង COVID-19 ហើយឬនៅនោះឡើយ ខណៈការបិទកោះធំលូហ្សូន (Luzon) ដែលរួមទាំងរដ្ឋធានីម៉ានីលផងដែរនោះ បានអូសបន្លាយមក ០៦សប្តាហ៍ទៅហើយ។ អាជ្ញាធរសុខាភិបាលហ្វីលីពីន បានបញ្ជាក់ទៀតថា ការធ្វើតេស្តរក COVID-19 ត្រូវបានពង្រីកទៅកាន់តំបន់ សង្ស័យជាច្រើនទៀតនៅទូទាំងប្រទេស ដែលប្រការនេះនឹងអាចគេរកឃើញ អ្នកឆ្លងជំងឺនេះបន្ថែមទៀតនៅថ្ងៃខាងមុខ៕