(អ៉ីស្លាម៉ាបាដ)៖ ប្រធានរដ្ឋសភាប៉ាគីស្ថានលោក អាស្សេដ ខៃសឺ (Asad Qaiser) ត្រូវបានអាជ្ញាធរបញ្ជាក់កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា បានឆ្លងជំងឺ COVID-19 ហើយពេលនេះលោកបានសម្រេចចិត្ត ស្នាក់នៅដាច់ដោយឡែកក្នុងផ្ទះ ដើម្បីតាមដានអការៈរោគ និងព្យាបាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។
លោក Asad Qaiser បានបង្ហោះនៅក្នុងគណនី Twitter លោកយ៉ាងដូច្នេះថា «ការធ្វើតេស្តរកវីរុសកូរ៉ូណារបស់ខ្ញុំ ចេញលទ្ធផលវិជ្ជមាន។ ខ្ញុំបានសម្រេចចិត្ត ស្នាក់នៅដាច់ដោយឡែកក្នុងផ្ទះរបស់ខ្ញុំ»។ លោក Qaiser ក៏បានអំពាវនាវឲ្យប្រជាជាតិប៉ាគីស្ថានទាំងមូល ប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះជំងឺរាតត្បាតសកលនេះផងដែរ ប៉ុន្តែប្រធានសភារូបនេះ មិនបានបង្ហើប អំពីស្ថានភាពសុខភាពរបស់លោកនោះឡើយ។
មិនទាន់មានប្រភពបញ្ជាក់ អំពីរបៀបដែលប្រធានសភាប៉ាគីស្ថាន ឆ្លងជំងឺ COVID-19 នោះឡើយ ប៉ុន្តែនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ លោក Qaiser បានជួបប្រជុំជាមួយមន្ត្រី និងសមាជិកសភាជាច្រើនរូប ក្នុងនោះរួមមានទាំងលោកនាយករដ្ឋមន្ត្រី ប៉ាគីស្ថាន អ៉ីមរ៉ាន ខាន់ (Imran Khan) ផងដែរ។
គួរបញ្ជាក់ថា បើតាមតួលេខចុងក្រោយ ប្រទេសប៉ាគីស្ថានមានករណីឆ្លង COVID-19 សរុប ១៦,៨១៧ករណី ក្នុងនោះស្លាប់ ៣៨៥នាក់ និងជាសះស្បើយ ៤,១០៥នាក់៕