(សេអ៊ូល)៖ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញវាជាថ្ងៃទី ២០ ហើយ ដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បន្តបាត់ខ្លួនពីមហាជន ខណៈមានពាក្យចចាមអារ៉ាម ជាច្រើងនៅតែបន្តផ្សព្វផ្សាយពីបញ្ហាសុខភាព និងអ្នកស្នងតំណែងពីរូបលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។
លោក គីម ជុងអ៊ុន បានលេចមុខលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ចុងក្រោយបំផុតកាលពីថ្ងៃទី១១ ខែមេសា នាឱកាសធ្វើជាប្រធាន ដឹកនាំកិច្ចប្រជុំការិយាល័យ នយោបាយនៃគណបក្សពលករ។ ចាប់តាំងពីពេលនោះមក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ជាបន្តបន្ទាប់ ពីអំពីសកម្មភាពរបស់លោក គីម ដូចជាការផ្ញើសារទៅកាន់ ថ្នាក់ដឹកនាំបរទេសជាមិត្តមួយចំនួន ប៉ុន្តែមិនបានបញ្ចេញរូបភាព ឬវីដេអូសកម្មភាពរបស់ឡើយ។ លើសពីនេះទៅទៀត បច្ចុប្បន្នគេមិនទាន់សង្កេតឃើញស្ថានការណ៍ ជាពិសេសកម្មភាពយោធាកូរ៉េខាងជើង មានអ្វីចម្លែកគួរឱ្យកត់សម្គាល់នោះទេ។
ចំណែកឯប្រព័ន្ធផ្សព្វផ្សាយរដ្ឋដូចជា រ៉ូដុង ស៊ីនម៉ាន់ (Rodong Sinmun) និង KCNA នៅតែបន្តចេញផ្សាយថា លោក គីម ផ្ញើសារការទូត និងសារកោតសរសើរដល់ពលរដ្ឋកូរ៉េខាងជើង ព្រមទាំងសកម្មភាពទស្សនកិច្ច និងការធ្វើអធិការកិច្ចនៃមន្ត្រីកំពូលក្នុងនោះរួមមាន បងធំទីបីកូរ៉េខាងជើង លោក ផាក ផុងជូ (Pak Pong-ju) និងលោកនាយករដ្ឋមន្ត្រី គីម ចេយ៉ុង (Kim Jae-ryong) ដែលនេះទំនងជាចង់បង្ហាញថា អ្វីៗនៅក្នុងប្រទេសស្ថិតនៅក្នុងភាពប្រក្រតី បន្ទាប់ពីរថភ្លើងពីពិសេសរបស់ លោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅទីក្រុងកំពង់ផែ វ៉ុនសាន (Wonsan) ស្ថិតនៅភាគខាងកើតប្រទេស។
គួរជម្រាបថា ពាក្យចចាមអារ៉ាមថា លោក គីម ជុងអ៊ុន ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ, ខ្លះថាស្លាប់បាត់ទៅហើយ និងខ្លះទៀតថាក្លាយជាមនុស្សរុក្ខជាតិ កើតមានឡើងបន្ទាប់ពី លោកបានខកខានចូលរួមក្នុងពិធីខួបកំណើតលើកទី ១០៨ នៃបិតាស្ថាបនិក គីម អ៉ីលស៊ុង កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ។ លោក មិនដែលខកខាន ពិធីបុណ្យជាតិមួយនេះឡើយ ចាប់តាំងពីលោកឡើងកាន់អំណាច កាលពីចុងឆ្នាំ២០១១ មកដល់បច្ចុប្បន្ន។
ប៉ុន្តែរឿងលោក គីម ជុងអ៊ុន បាត់ខ្លួនពីមហាជនបែបនេះ គឺមិនមែនទើបតែកើតឡើងនោះទេ។ ពោលគឺក្រោយចូលរួមក្នុងកម្មវិធីប្រគុំតន្ត្រី ក្នុងទីក្រុងព្យុងយ៉ាង កាលពីថ្ងៃទី២៥ ខែកមរា លោកបានមិនបានបង្ហាញខ្លួនជាសាធារណៈ៣សប្ដាហ៍ រហូតដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ពីដំណើរទស្សនកិច្ចរបស់លោក ទៅអបអរថ្ងៃខួបកំណើត ឪពុកគឺលោក គីម ជុងអ៊ីល នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។ លោក គីម ធ្លាប់បានបាត់ខ្លួនយូរបំផុតដល់ទៅ ៤០ថ្ងៃ កាលពីខែកញ្ញា ឆ្នាំ២០១៤ ហើយកូរ៉េខាងត្បូងអះអាងថា អវត្តមាននៅពេលនោះ គឺដោយសារតែលោកវះកាត់កជើង៕