(សេអ៊ូល)៖ នាថ្ងៃសុក្រនេះកូរ៉េខាងត្បូងបានប្រកាសរកឃើញករណីឆ្លង COVID-19 ចំនួន ០៩នាក់ថែមទៀត ក្នុងនោះមានតែមួយករណី ប៉ុណ្ណោះដែលជាករណីឆ្លងក្នុងស្រុកផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។
ប្រការនេះធ្វើឲ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់ ១០,៧៧៤ករណី។ ចំណែកអ្នកជំងឺម្នាក់ ទៀតក៏បានបាត់បង់ជីវិតផងដែរ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៤៨នាក់ ខណៈអត្រាមរណនៃ COVID-19 នៅកូរ៉េខាងត្បូងស្ថិតនៅត្រឹម ២.៣០ភាគរយ។ ជាមួយគ្នានេះ អ្នកជំងឺ ១៣នាក់ទៀតត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជំងឺសរុបដែល ជាសះស្បើយនៅកូរ៉េខាងត្បូងកើនដល់ ៩,០៧២នាក់ស្មើនឹង ៨៤.២ភាគរយនៃអ្នកដែលបានឆ្លង COVID-19 សរុប។
គួរជម្រាបថា កំឡុងពេល ១៣ថ្ងៃជាប់គ្នាមកនេះ អត្រាអ្នកឆ្លងប្រចាំថ្ងៃនៅកូរ៉េខាងត្បូង គឺបានបន្តស្ថិតនៅក្បែរខ្ទង់ ១០នាក់ប៉ុណ្ណោះ ខណៈកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ គឺជាថ្ងៃដំបូងបំផុតក្នុងរយៈពេល ៧៥ថ្ងៃ ដែលកូរ៉េខាងត្បូងបានប្រកាសថា មិនមានករណីឆ្លងនៅក្នុងស្រុក សូម្បីតែម្នាក់ឡើយ។ ចាប់តាំងពីដើមខែមករាមក កូរ៉េខាងត្បូងបានធ្វើតេស្ត COVID-19 លើមនុស្សសរុបច្រើនជាង ៦២៣,០០០នាក់៕