(ស៊ីដនី)៖ ការកើនឡើងនៃចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេសអូស្ត្រាលី គឺមានជាប់ពាក់ព័ន្ធនឹងរោងចក្រច្នៃសាច់មួយកន្លែងក្នុងរដ្ឋ វិចតូរៀ (Victoria)។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរអូស្ត្រាលី ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។
ថ្លែងប្រាប់អ្នកសារព័ត៌មានប្រធានរដ្ឋបាលនៃរដ្ឋវិចតូរៀ លោក ដានីញែល អាន់ឌ្រូ (Daniel Andrews) បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីចំនួន២២ ដែលត្រូវបានប្រកាសនៅថ្ងៃចន្ទនេះមាន១៩នាក់ ជាកម្មការនៅឯរោងចក្រកែច្នៃសាច់ នាំឱ្យអ្នកឆ្លងនៅក្នុងរដ្ឋ Victoria កើនដល់១,៤០៦នាក់។
តែទោះជាយ៉ាងនេះក្ដី ប្រធានការិយាល័យសុខាភិបាលនៃរដ្ឋ Victoria លោក ប្រ៊េត សាត់ថុន (Brett Sutton) បាអះអាងថា ករណីឆ្លងជាចង្កោមនេះ មិនបានផ្ដល់ហានិភ័យដល់វិស័យសុខភាពសាធារណៈ ហើយវាក៏គ្មានហេតុផល ត្រូវបញ្ជាក់អត្តសញ្ញាណរោងចក្រ ដែលពាក់ព័ន្ធនឹងករណីឆ្លងនេះដែរ។
គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ អូស្ត្រាលីមានអ្នកឆ្លង COVID-19 សរុប៦,៨២២ករណី ក្នុងនោះស្លាប់៩៥នាក់ និងជាសះស្បើយឡើងវិញ ៥,៨៤៩នាក់។ អូស្ត្រាលី និងនូវែលសេឡង់ ត្រូវបានចាត់ទុកជាប្រទេសមានភាពវិជ្ជមាន ក្នុងការទប់ស្កាត់ជំងឺ COVID-19 មិនឆ្លងរាលដាលទ្រង់ទ្រាយធំ និងបានកាត់បន្ថយវិធានការរឹតត្បិត ដើម្បីបើកដំណើរការសេដ្ឋកិច្ច ព្រមទាំងសាលារៀនឡើងវិញផងដែរ៕