(កាំប៉ាឡា)៖ ក្រសួងសុខាភិបាលនៃប្រទេសអ៊ូហ្គង់ដា បានទាត់ចោល ក៏ដូចជាព្រមានឱ្យប្រជាជនរបស់ខ្លួនមានការប្រុងប្រយ័ត្ន ចំពោះពាក្យចាចាមអារ៉ាមដែលអះអាងថា ប្រជាជនអ៊ូហ្គង់ដា និងអាហ្រ្វិកដទៃមានប្រព័ន្ធភាពសុំារឹងមាំ អាចនឹងប្រឆាំងនឹង COVID-19 បាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។
តាមរយៈសារមួយបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យ លោកស្រី ដាយអាណា អាតវ៉ាញ (Diana Atwine) មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលអ៊ូហ្គង់ដា បានលើកឡើងដូច្នេះថា «យើងបានដឹងលឺអំពីពាក្យចចាមអារ៉ាមថា ប្រជាជនរបស់យើង និងប្រជាជនអាហ្រ្វិកដទៃទៀត មានប្រព័ន្ធភាពសុំារឹងមាំ ដែលអាចប្រឆាំង COVID-19។ ប៉ុន្តែ ប្រជាជនអ៊ូហ្គង់ដាទាំងអស់ គួរតែកុំចាប់អារម្មណ៍ នឹងពាក្យចចាមអារ៉ាមគ្មានហេតុផលរបៀបនេះ ព្រោះវាអាចនឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹង COVID-19 និងធ្វើឱ្យប្រឈមមុខនឹងការឆ្លងទ្រង់ទ្រាយធំ»។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសអ៊ូហ្គង់ដាមានករណីឆ្លង COVID-19 តែ ៨៨ករណីប៉ុណ្ណោះ ក្នុងនោះជាសះស្បើយឡើងវិញ ៥២នាក់ ខណៈប្រទេសអាហ្វ្រិកដ៏ក្តៅហួតហែងនេះ មានប្រជាជនសរុបជាង ៤៥លាននាក់៕