(គូឡាឡាំពួរ)៖ ប្រទេសម៉ាឡេស៊ីនៅថ្ងៃចន្ទនេះ បានចាប់ផ្តើមបើកដំណើរការ សេដ្ឋកិច្ចរបស់ខ្លួនឡើងវិញហើយ បន្ទាប់ពីបានមើលឃើញអត្រាឆ្លងជំងឺ COVID-19 នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ធ្លាក់ចុះវិញជាបន្តបន្ទាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាយប់ថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលម៉ាឡេស៊ីលោក ណូអ័រ ហ៊ីហ្សាម អាប់ឌុលឡាហ៍ (Noor Hisham Abdullah) បានថ្លែងថា ម៉ាឡេស៊ីមានករណីឆ្លងជំងឺ COVID-19 សរុបកើនដល់ ៦,៣៥៣ករណី ក្រោយពី ៥៥ករណីថ្មីទៀត ទើបត្រូវបានប្រកាសនៅក្នុងថ្ងៃចន្ទនេះតែម្តង។ បន្ថែមពីនេះ អ្នកជាសះស្បើយ ៧១នាក់ទៀត ក៏ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យផងដែរ ដែលប្រការនេះនាំឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៤,៤៨៤នាក់ ឬស្មើនឹង ៧០.៦% នៃករណីឆ្លងទាំងអស់។
ដោយឡែកនៅថ្ងៃចន្ទនេះដែរ ម៉ាឡេស៊ីមិនមានអ្នកស្លាប់ដោយសារ COVID-19 នោះឡើយ ដោយចំនួនមនុស្សស្លាប់គឺនៅត្រឹម ១០៥នាក់ដដែល។ អាជ្ញាធរម៉ាឡេស៊ីនៅថ្ងៃចន្ទនេះ បានសម្រេចដកការរឹតត្បិតលើការធ្វើដំណើរ មួយចំនួនចេញវិញ ព្រមទាំងអនុញ្ញាតឲ្យវិស័យមួយចំនួនបើកដំណើរ ជាបណ្តើរៗ ស្ថិតនៅក្នុងគោលដៅ បើកដំណើរការសេដ្ឋកិច្ចប្រទេសនេះឡើងវិញ។
ជាឧទាហរណ៍ផ្សារទំនើបធំមួយ នៅក្នុងរដ្ឋធានីគូឡាឡាំពួរ និងហាងលក់ទំនិញជាច្រើនទៀត ត្រូវបានអនុញ្ញាតឲ្យបើកទ្វារឡើងវិញ ដើម្បីទទួលអថិជន ប៉ុន្តែរាល់អ្នកធ្វើដំណើរចូលផ្សារទំនើប និងហាងលក់ទំនិញផ្សេងៗ ត្រូវតែទទួលការវាស់កម្តៅជាមុនសិន៕