(ការ៉ាកាស់)៖ ក្រសួងការបរទេសវេណេស៊ុយអេឡានាថ្ងៃចន្ទសប្តាហ៍នេះ បានឲ្យដឹងថា កងកម្លាំងយោធាវេណេស៊ុយអេឡាទើបតែទប់ស្កាត់ បានការឈ្លានពានពីសំណាក់ ពួកកងកម្លាំងប្រដាប់អាវុធស៊ីឈ្នួលមួយក្រុម ដែលប៉ុនប៉ងចូលមកកាន់ តំបន់ឆ្នេរភាគកណ្តាលរបស់វេណេស៊ុយអេឡា ហើយក្រសួងការបរទេសវេណេស៊ុយអេឡា បានចោទប្រកាន់លើសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។
ក្រសួងការបរទេសវេណេស៊ុយអេឡា នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួន បានបញ្ជាក់ថា មនុស្សមួយចំនួនត្រូវបានចាប់ខ្លួន ក្នុងនោះរួមមានទាំងបុគ្គល ដែលបានសារភាពថាជាអតីតមន្ត្រីនៃទីភ្នាក់ងារប្រឆាំង បទល្មើសគ្រឿងរបស់សហរដ្ឋអាមេរិកផងដែរ។ យោងតាមសេចក្តីថ្លែងការណ៍ដដែល ក្រុមទាហានដែលរត់ចេញពីយោធាវេណេស៊ុយអេឡា និងអតីតកងកូម្ម៉ង់ដូពិសេសម្នាក់របស់អាមេរិក បានចេញមុខទទួលខុសត្រូវ ចំពោះប្រតិបត្តិការដែលបរាជ័យនេះ។
រដ្ឋាភិបាលវេណេស៊ុយអេឡា បានចោទប្រកាន់សហរដ្ឋអាមេរិកថា គឺជាអ្នកនៅពីក្រោយប្រតិបត្តិការខាងលើ ដែលជាសកម្មភាពភេរវកម្ម មានគោលដៅចាប់ខ្លួនឬវាយប្រហារលើប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។
គួរជម្រាបថា បើតាមក្រសួងការបរទេសវេណេស៊ុយអេឡា ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ នៅចំពេលដែល ពិភពលោកទាំងមូលកំពុងរងគ្រោះដោយសារជំងឺរាតត្បាតជាសកល COVID-19 និងមិនខ្វល់ពីការអំពាវនាវរបស់អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ដែលស្នើឲ្យមានបទឈប់បាញ់ ក៏ដូចជាផ្អាកសកម្មភាពបង្កហេតុនានា នៅជុំវិញពិភពលោកនោះឡើយ៕