(ហុងកុង)៖ ក្រុមអ្នកតំណាងរាស្រ្តនៅក្នុងសភាទីក្រុងហុងកុងនាថ្ងៃសុក្រនេះ បានផ្ទុះជម្លោះរហូតដល់ថ្នាក់ប្រើដៃជើងដាក់គ្នា ជុំវិញការបោះឆ្នោតជ្រើសរើស ប្រធានគណៈកម្មាធិការសំខាន់មួយ ដែលបញ្ហានេះអាចចាត់ទុកជាសញ្ញាថ្មីមួយទៀត បង្ហាញពីការកើនឡើងវិញ នៃភាពតានតឹងនយោបាយរបស់ទីក្រុងនេះ ស្របពេលដែលការឆ្លងរាលដាលនៃ COVID-19 បានថមថយនៅហុងកុង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។

កំឡុងកិច្ចប្រជុំមួយនៅសភាហុងកុងនាថ្ងៃសុក្រនេះ ក្រុមតំណាងរាស្រ្តគាំទ្រទីក្រុងប៉េកាំង និងក្រុមតំណាងរាស្រ្តដែលគាំទ្រចលនាប្រជាធិបតេយ្យ បានស្រែកដាក់គ្នាឡើងតឹងសរសៃក ហើយរុញគ្នាទៅវិញទៅមក ខណៈខាងក្រុមតំណាងរាស្រ្តគាំទ្រលទ្ធិប្រជាធិបតេយ្យ បានសម្តែងការប្រឆាំងនឹងការលើកស្ទួយតំណាងរាស្រ្ត ដែលមានទំនោគាំទ្រទីក្រុងប៉េកាំងឲ្យឡើងជា ប្រធានគណៈកម្មាធិការមួយដែលមានតួនាទីសំខាន់។

គួរជម្រាបថា យោងតាមឃ្លីបវីដេអូ និងកម្រងរូបភាពនៅលើបណ្តាញសង្គម គេឃើញតំណាងរាស្រ្តហុងកុងម្នាក់ តោងឡើងលើជញ្ជាំងមុនពេលត្រូវសន្តិសុខ ទាញចុះមកខាងក្រោមវិញ ខណៈតំណាងរាស្រ្តម្នាក់ទៀត ត្រូវបានគេទាញផ្តួលទៅលើឥដ្ឋ ពោលគឺទិដ្ឋភាពនៃកិច្ចប្រជុំក្នុងសភាហុងកុង ទាំងមូលមានសភាពរញ៉េរញ៉ៃជាខ្លាំង ប៉ុន្តែនេះមិនមែនជាលើកទីមួយឡើយ សម្រាប់សភាទីក្រុងហុងកុង៕