(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ១៧ករណីបន្ថែមទៀត ដោយក្នុងនោះមាន ០៧ ករណីជាករណីនាំចូលពីក្រៅប្រទេស និង ១០ករណីទៀត ជាករណីឆ្លងក្នុងស្រុកតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
សម្រាប់ ០៧ករណីឆ្លងថ្មី ដែលជាករណីនាំចូលខាងលើនេះ ត្រូវបានរាយការណ៍ចេញពីតំបន់ស្វយ័ត អ៉ីនណឺ ម៉ុងហ្គោលី (Inner Mongolia) ទាំងអស់។ ជាសរុបចំនួនករណីនាំចូលពីក្រៅប្រទេស បានកើនដល់ ១,៦៩០ករណីហើយ ដោយក្នុងនោះមានអ្នកជំងឺចំនួន ១,៥៩១នាក់ បានជាសះស្បើយឡើងវិញ ខណៈ ៩៩នាក់ ផ្សេងទៀងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យនៅឡើយ ក្នុងនោះ ០៣នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា មិនមានករណីស្លាប់ត្រូវបានរាយការណ៍ ក្នុងចំណោមករណីនាំចូលទាំងនោះទេ។
ចំណែកឯ ក្នុងចំណោម ១០ករណីទៀត ដែលជាករណីឆ្លងក្នុងស្រុកតែម្តង មាន ០៥ករណីត្រូវបានរាយការណ៍ចេញពីខេត្តហ៊ូប៉ី (Hubei), ០៣ករណីនៅខេត្តជីលីន (Jilin), ០១ករណីនៅខេត្តឡៅនីង (Liaoning) និង ០១ករណីចុងក្រោយនៅខេត្តហីឡុងជាំង (Heilongjiang)។
ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ ក្រសួងសុខាភិបាលចិនបានបង្ហាញឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៨,១៤៤នាក់ហើយបន្ទាប់ពីអ្នកជំងឺចំនួន ២៤នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យកាលពីម្សិលមិញនេះ។
គួរជម្រាបថា បើបូកបញ្ជូលទាំងករណីឆ្លងថ្មីៗទាំង ១៧ករណី ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨២,៩១៨ករណី ខណៈតួលេខនៃករណីអ្នកស្លាប់ គឺនៅរក្សាបានត្រឹម ៤,៦៣៣នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់។ ទោះជាយ៉ាងណា ២ថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា ករណីឆ្លងថ្មី នៃជំងឺ COVID-19 នៅក្នុងប្រទេសចិន ហាក់់កើនឡើងបន្តិចមកវិញ បន្ទាប់ប្រទេសនេះបានស្គាល់អត្រាអ្នកឆ្លងថ្មីក្រោមខ្ទប់ ១០ អស់រយៈពេលជិតមួយខែកន្លងមកនេះ៕