(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានប្រកាសពីការរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ៣៥ ករណីថ្មីបន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងក្នុងស្រុកតែម្តង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។
បើតាមមជ្ឈមណ្ឌលកូរ៉េខាងត្បូងសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺឆ្លង KCDC បានឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មាន២៩ករណី ជាករណីឆ្លងនៅក្នុងស្រុក និង ០៦ករណីជាករណីនាំចូលពីបរទេស។ បើបូកបញ្ចូលតួលេខថ្មីនេះ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសកើនដល់ ១០,៩០៩ នាក់ ខណៈតួលេខអ្នកស្លាប់នៅរក្សាត្រឹម ២៥៦ នាក់ដដែល ក្នុងរយៈពេល ៤ថ្ងៃជាប់ៗគ្នាមកនេះ។
គួរបញ្ជាក់ថា ២ថ្ងៃចុងក្រោយនេះ អត្រាអ្នកឆ្លងថ្មី នៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ បានហក់ឡើងជាងរាល់ដង បើធៀបនឹងអត្រាអ្នកឆ្លងថ្មី នារយៈពេលជាងមួយខែកន្លងមកនេះ។ បញ្ហានេះ វាបានកើតឡើងចំពេលដែលមានការព្រួយបារម្ភអំពី ការឆ្លងរីលរាលដាលជាចង្កោមថ្មីមួយ បន្ទាប់ពីបុរសម្នាក់ដែលមានផ្ទុកជំងឺនេះ ត្រូវគេរកឃើញថា បានទៅលេងក្លឹបកម្សាន្តជាច្រើនកន្លែងនៅសង្កាត់ Itaewon នៃទីក្រុងសេអ៊ូល កាលពីដើមខែឧសភាកន្លងទៅនេះ។
ដោយឡែកសម្រាប់របាយការណ៍ ស្តីអំពីតួលេខសរុបនៃអ្នកជាសះស្បើយឡើងវិញ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា បានកើនដល់ ៩,៦៣២ នាក់ហើយ ឬស្មើនឹង ៨៨.៣% នៃអ្នកជំងឺសរុប បន្ទាប់ពីអ្នកជំងឺចំនួន ២២នាក់បន្ថែមទៀត ទើបតែបានព្យាបាលឲ្យជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យកាលពីម្សិលមិញនេះ។
គួរជម្រាបផងដែរថា គិតចាប់តាំងពីថ្ងៃទី០៣ ខែមករាមក កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សច្រើនជាង ៦៦៨,០០០នាក់ហើយ ក្នុងចំណោមនោះ ៦៤៦,៦៦១ នាក់មានលទ្ធផលអវិជ្ជមាន ខណៈ ១០,៩២២នាក់កំពុងស្ថិតក្នុងការតាមដាន៕