(ប៉ារីស)៖ ប្រជាជនបារាំង បានចាប់ផ្ដើមវិលត្រឡប់ទៅរកជីវិត និងសកម្មភាពប្រចាំថ្ងៃដូចធម្មតាវិញ ជាបណ្ដើរៗហើយ ក្នុងនោះរួមមានដូចជាការដើរផ្សារ ទិញឥវ៉ាន់ និងទៅហាងកាត់សក់ បន្ទាប់ពី «វិធានការបិទប្រទេស» ត្រូវបានលុបចោលសន្សឹមៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។
បារាំង ដែលជាប្រទេសមានអ្នកស្លាប់ដោយសារ COVID-19 ជាច្រើនគេលំដាប់ទី៥ នៅលើពិភពលោក បានប្រកាសបិទប្រទេសទាំងមូលរយៈពេលជាង៨សប្ដាហ៍ ចាប់តាំងពីថ្ងៃទី១៧ ខែមីនាមក ដើម្បីពន្យឺតការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវនេះ ដោយប្រជាជនបារាំង ត្រូវបានអនុញ្ញាតឱ្យចេញក្រៅផ្ទះនៅក្នុងករណី ចំាបាច់តែប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ន ហាងទំនិង និងហាងកាត់សក់ បានចាប់ផ្ដើមបើកទ្វារឡើងវិញហើយ ខណៈប្រជាជនបារាំង អាចធ្វើដំណើរដោយមិនចាំបាច់ មានការអនុញ្ញាតពីអាជ្ញាធរជាមុន លើកលែងតែការធ្វើដំណើរលើស ១០០គីឡូម៉ែត្រឡើងទៅ ដែលត្រូវមានការអនុញ្ញាតពីអាជ្ញាធរ និងហេតុផលចាំបាច់ ខានមិនបាន។
ចំណែកឯ សាលាមតេយ្យ និងសាលាបឋម ត្រូវបានអនុញ្ញាតបើកទ្វារឡើងវិញ តាមគោលការណ៍ស្ម័គ្រចិត្តនៅថ្ងៃចន្ទ សប្ដាហ៍នេះ ពោលមុនមួយថ្ងៃដែលសិស្ស ១.៥លាននាក់ ក្នុងចំណោមសិស្សបឋម ៦.៧លាននាក់ នឹងអាចត្រឡប់ទៅថ្នាក់រៀននៅថ្ងៃអង្គារសប្ដាហ៍នេះ។ តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលបារាំង នៅតែជំរុញឱ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ ខណៈតំបន់មួយចំនួនដូចជាទីក្រុងប៉ារីស នៅតែស្ថិតនៅក្នុង «តំបន់មានហានិភ័យ» ហើយប្រជាជននៅទូទាំង ប្រទេសត្រូវបានលើកទឹកចិត្តឱ្យធ្វើការនៅផ្ទះ បើសិនជាអាចធ្វើទៅបាន។
គួរជម្រាបថា រដ្ឋាភិបាលប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានសម្រេចចិត្តលុបចោលវិធានការបិទប្រទេសសន្សឹមៗ បន្ទាប់ពីចំនួនអ្នកជំងឺ COVID-19 នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ និងអ្នកជំងឺស្លាប់មានការធ្លាក់ចុះ។ អ្នកជំងឺស្លាប់ដោយសារ COVID-19 កាលពីថ្ងៃអាទិត្យ មានត្រឹមតែ៧០នាក់ប៉ុណ្ណោះ នាំឱ្យអ្នកស្លាប់កើនដល់ ២៦,៣៨០នាក់ ក្នុងចំណោមអ្នកឆ្លង ១៧៦,៩៧០នាក់ និងជាសះស្បើយឡើងវិញ ៥៦,២១៧នាក់៕