(ម៉ូស្គូ)៖ ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសរុស្ស៊ី បានវ៉ាដាច់ប្រទេសអ៉ីតាលី និងចក្រភពអង់គ្លេសហើយនៅថ្ងៃចន្ទនេះ ដោយឡើងទៅឈរនៅលេខរៀង ទី៣ ក្នុងនាមជាប្រទេសមានអ្នកឆ្លងច្រើនជាងគេនៅលើពិភពលោក តាមពីក្រោយអេស្ប៉ាញ និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០។
អាជ្ញាធរសុខាភិបាលរុស្ស៊ី បានឱ្យដឹងថា អ្នកឆ្លង COVID-19 រហូតដល់ទៅ ១១,៦៥៦នាក់ ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នាំឱ្យអ្នកឆ្លង សរុបទូទាំងប្រទេសកើនដល់ ២២១,៣៤៤នាក់ ហើយច្រើនជាងពាក់កណ្ដាលនៃអ្នកឆ្លងថ្មីទាំងនេះ ឬស្មើនឹង ៦,១៦៩នាក់ ត្រូវបានរកឃើញនៅក្នុងទីក្រុងម៉ូស្គូ ដែលជាចំណុចកណ្ដាលនៃការឆ្លងរាតត្បាត COVID-19 នៅរុស្ស៊ី។ អាជ្ញាធរបន្ថែមថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ អ្នកស្លាប់ថ្មី៩៤នាក់ ត្រូវបានប្រកាស ផងដែរ ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ២,០០៩នាក់។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី មកទល់នឹងពេលនេះ មនុស្សជាង ៥.៦លាននាក់ បានទទួលការធ្វើតេស្ដរក COVID-19 ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្តថាតើត្រូវតែផ្លាស់ប្ដូរ ឬកែសម្រួល «វិធានការបិទប្រទេស» ដែលបានចូលជាធរមានតាំងពី ចុងខែមីនាមក ដែរឬក៏យ៉ាងណា៕