(ប៊ែរឡាំង)៖ នៅដើមសប្តាហ៍នេះ រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់បានប្រកាសថា ខ្លួនត្រៀមរួចហើយក្នុងការបរិច្ចាគប្រាក់ ៧៥០លានអឺរ៉ូ ឬស្មើនឹង ៨១៣លានដុល្លារអាមេរិក ដើម្បីជម្រុញការអភិវឌ្ឍ និងផលិតវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាយប់ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។
ជុំវិញបញ្ហាខាងលើនេះ រដ្ឋមន្ត្រីក្រសួងអប់រំ និងស្រាវជ្រាវអាល្លឺម៉ង់លោកស្រី អាន់ចា កាលីសហ្សេក (Anja Karliczek) បានបញ្ជាក់យ៉ាងដូច្នេះថា «ការអភិវឌ្ឍវ៉ាក់សាំង គឺមានភាពស្មុគស្មាញ ដោយត្រូវប្រើប្រាស់ពេលវេលា និងការចំណាយច្រើន ហើយក្នុងស្ថានភាពដូចបច្ចុប្បន្ននេះ ពេលវេលាគឺជាកត្តាសំខាន់ណាស់»។
ទោះបីជាបែបនេះក្តី រដ្ឋមន្ត្រីអាល្លឺម៉ង់ខាងលើនេះ នៅតែមានសុទិដ្ឋិនិយមក្នុងការព្យាយាមអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19 ឲ្យបានឆាប់បំផុត ប៉ុន្តែលោកស្រីក៏បានសង្កត់ធ្ងន់ផងដែរថា វាមិនអាចសម្រេចជោគជ័យបាន នៅមុនពាក់កណ្តាលឆ្នាំ២០២១ នោះឡើយ។ បច្ចុប្បន្នអាល្លឺម៉ង់មានករណីឆ្លង COVID-19 សរុប ១៧២,៨១២ករណី ក្នុងនោះស្លាប់ ៧,៦៦៧នាក់ និងជាសះស្បើយវិញ ១៤៧,២០០នាក់៕