(វ៉ាស៊ីនតោន)៖ គណៈកម្មាធិការទំនាក់ទំនងអន្តរជាតិ នៃសភាតំណាងរាស្ត្រអាមេរិក បានបើកការស៊ើបអង្កេតមួយលើករណី ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បណ្ដេញមន្ត្រីអធិការកិច្ចម្នាក់នៃក្រសួងការបរទេសអាមេរិក ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០។

គណៈកម្មាធិការទំនាក់ទំនងអន្តរជាតិ នៃសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា មកពីខាងគណបក្សប្រជាធិបតេយ្យ បានស្នើឱ្យរដ្ឋបាលលោក ត្រាំ ដាក់ជូននូវរបាយការណ៍ពាក់ព័ន្ធនឹងការបណ្ដេញមន្ត្រីអធិការកិច្ច នៃក្រសួងការបរទេសអាមេរិក លោក ស្ទេវ លីនីក (Steve Linick) នៅត្រឹមថ្ងៃទី២២ ខែឧសភា។ លោក ត្រាំ មិនបានបញ្ជាក់ពីមូលហេតុបណ្ដេញលោក លីនីក ចេញពីតំណែងនោះទេ។ ប៉ុន្តែ បើតាមសារព័ត៌មាន Politico លោក ត្រាំ ធ្វើបែបនេះដើម្បីព្យាយាមបញ្ឈប់ការ ស៊ើបអង្កេតមួយ លើរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ដែលត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់បុគ្គលិករដ្ឋាភិបាលឲ្យធ្វើការងារផ្ទាល់ខ្លួន សម្រាប់រូបលោក ព្រមទាំងភរិយាលោក ដែលពុំមានតំណែងអ្វីសោះក្នុងជួររដ្ឋាភិបាល។

បន្ថែមពីលើនេះ សេតវិមាននៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក៏បានអះអាងដែរថាលោក ត្រាំ បណ្ដេញលោក ស្ទេវ លីនីក ចេញពីតំណែង គឺធ្វើឡើងតបតាមសំណើររបស់លោក ប៉ុមប៉េអូ។ សេតវិមាន បញ្ជាក់យ៉ាងខ្លីដូច្នេះថា៖«លោករដ្ឋមន្ត្រីការបរទេស ប៉ុមប៉េអូ បានស្នើឱ្យបណ្ដេញលោក លីនីក ចេញពីតំណែង ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានយល់ព្រម»

គួរជម្រាបថា ការដកតំណែងលោក ស្ទេវ លីនីក (Steve Linick) ដែលជាមន្រ្តីផ្នែកស៊ើបអង្កេតម្នាក់ នៅក្រសួងការបរទេសអាមេរិក បានកើតឡើងនៅ ថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ហើយលោក Linick ជាបុគ្គលចុងក្រោយគេ ក្នុងចំណោមមន្រ្តីមានតួនាទីដូចគ្នាមួយចំនួនទៀតដែលត្រូវ បានលោក ត្រាំ ដកចោលយ៉ាងតក់ក្រហល់នាពេលកន្លងទៅនេះ នៅតាមស្ថាប័ន-ក្រសួងដទៃៗទៀតរបស់រដ្ឋាភិបាលអាមេរិក។ បើតាមក្រសួងការបរទេសអាមេរិក តំណែងជាមន្រ្តីស៊ើបអង្កេតថ្មីនឹង បានទៅលើលោក ស្ទេហ្វិល អាកាដ (Stephen Akard) ដែលជាអតីតទីប្រឹក្សាអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence)៕