(រ៉ូម)៖ នាយករដ្ឋមន្ត្រីអ៉ីតាលី លោក Giuseppe Conte បាននិយាយថាប្រទេសរបស់លោកនឹងបើកព្រំដែនឡើងវិញ សម្រាប់ភ្ញៀវទេសចរអឺរ៉ុប ចាប់ពីថ្ងៃទី៣ ខែមិថុនា ក្រោយនេះតទៅ ជាមួយការលុបចោលវិធានការធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០។

លោក Giuseppe Conte ធ្វើការប្រកាសបែបនេះ នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ ថ្លែងនាឱកាសនោះ លោកនាយករដ្ឋមន្ត្រីអ៉ីតាលី បានបញ្ជាក់ដែរថា ក្លឹបហាត់ប្រាណ, រោងភាពយន្ដ, បារ និងភោជនីយដ្ឋានជាដើម នឹងត្រូវបើកទ្វារឡើងវិញក្នុងពេលឆាប់ៗ ខណៈ រដ្ឋាភិបាលរបស់លោកកំពុងស្វះស្វែងបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ដោយប្រយ័ត្នប្រយែង។ លោក Conte បានបន្ថែមដូច្នេះថា៖ «យើងកំពុងប្រឈមមុខនឹង ការវាយតម្លៃប្រកបដោយហានិភ័យ ពីព្រោះយើងដឹងថាការឆ្លង អាចនឹងផ្ទុះឡើងជាថ្មី។ ប៉ុន្តែយើងត្រូវតែទទួលយកវា បើពុំដូច្នោះទេ យើងនឹងមិនអាចចាប់ផ្ដើមជាថ្មី ឡើងវិញនោះទេ»

គួរជម្រាបថា ការឆ្លងរាតត្បាត COVID-19 បានឈានដល់កម្រិតកំពូលកាលពីចុងខែមីនាកន្លងទៅ។ ប៉ុន្តែ ក្រុមអ្នកជំនាញ បានព្រមានថាការបន្ធូរបន្ថយវិធានការ រឹតត្បិត ត្រូវធ្វើឡើងសន្សឹមៗ ដើម្បីជៀសវាង «រលកទី២»។ បើតាមគេហទំព័រ worldometers បច្ចុប្បន្ន អ៉ីតាលីមានអ្នកឆ្លង COVID-19 ២២៤,៧៦០នាក់ ក្នុងនោះស្លាប់ ៣១,៧៦៣នាក់ និងជាសះស្បើយឡើងវិញ ១២២,៨១០នាក់៕