(អ៉ីស្រាអែល)៖ អគ្គរដ្ឋទូតចិនប្រចាំប្រទេសអ៉ីស្រាអែល លោក Du Wei ត្រូវបានគេប្រទះឃើញស្លាប់ ដោយមិនទាន់ដឹងពីមូលហេតុឡើយ។ នេះបើតាមមន្រ្តីក្រសួងការបរទេសអ៉ីស្រាអែលម្នាក់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០។

បើតាមប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែល លោក Du Wei ត្រូវបានគេប្រទះឃើញស្លាប់ក្នុងផ្ទះរបស់លោក នៅឯទីក្រុង Herzliya នៅព្រឹកថ្ងៃអាទិត្យនេះ។ ប៉ុន្តែ មកទល់នឹងពេលនេះ ខាងក្រសួងការបរទេសចិន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ខណៈប៉ូលិសអ៉ីស្រាអែល បានទៅដល់ផ្ទះលោក Du Wei ហើយ ដើម្បីធ្វើការស៊ើបអង្កេត។

លោក Du Wei មានអាយុ៥៨ឆ្នាំ បានធ្វើដំណើរមកដល់ប្រទេសអ៉ីស្រាអែល ដើម្បីកាន់តំណែងជាអគ្គរដ្ឋទូត កាលពីខែកុម្ភៈកន្លងទៅ។ លោកក៏ធ្លាប់កាន់តំណែងជា អគ្គរដ្ឋទូតចិនប្រចាំប្រទេសអ៊ុយក្រែនផងដែរ៕