(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា វាគឺជារឿងមានកិត្តិយសទៅវិញទេ ដែលសហរដ្ឋអាមេរិកឈរនៅលើកំពូលតារាង ក្នុងនាមជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតនៅលើពិភពលោក ខណៈរដ្ឋបាលរបស់លោកកំពុងរងការរិះគន់យ៉ាងខ្លាំង ជុំវិញការឆ្លើយតបទៅនឹង វិបត្តិជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០។

ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា វាជារឿងមានកិត្តិយស ដែលសហរដ្ឋអាមេរិកមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតលំដាប់ទី ១ នៅលើពិភពលោក ពីព្រោះវាបានបង្ហាញយ៉ាងច្បាស់ថា សមត្ថភាពធ្វើតេស្ដរក COVID-19 របស់សហរដ្ឋអាមេរិក គឺមានភាពល្អប្រសើរជាងប្រទេសណាៗទាំងអស់។

ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមានករណីឆ្លងច្រើនជាងគេនៅលើពិភពលោក ដោយសារតែសមត្ថភាពធ្វើតេស្ដរបស់យើង ខ្ពស់ជាប្រទេសដទៃ។ ខ្ញុំយល់ថា នេះមិនមែនជារឿងអាក្រក់ណាស់ណានោះទេ។ តែផ្ទុយទៅវិញខ្ញុំយល់ថា វាគឺជារឿងគួរឱ្យគោរព និងមានកិត្តិយសពីព្រោះវាមានន័យថា ការធ្វើតេស្ដរបស់យើងល្អប្រសើរ​ជាងប្រទេសណាៗទាំងអស់»

គួរបញ្ជាក់ថា បើតាមគេហេទំព័រ worldometers គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ សហរដ្ឋអាមេរិកមានករណីឆ្លង COVID-19 សរុប ១,៥៧០,៥៨៣ករណី ក្នុងនោះស្លាប់ ៩៣,៥៣៣នាក់ និងជាសះស្បើយឡើងវិញ ៣៦១,១៨០នាក់ ខណៈមនុស្សរហូតដល់ទី ១២.៦លាននាក់ឯណោះ ដែលបានទទួលការ ធ្វើតេស្ដរក COVID-19។ ម្យ៉ាងវិញទៀត ត្រឹមរយៈពេលពេញមួយសប្ដាហ៍មុន ប្រជាជនអាមេរិកចន្លោះពី ៣០០,០០០-៤០០,០០០នាក់ បានទទួលការធ្វើតេស្ដ៕