(វ៉ាស៊ីនតោន)៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានបិទមួយភ្លែត ដោយសារតែការធ្វើបាតុកម្ម បានរាលដាល ទៅ ដល់រដ្ឋធានីវ៉ាស៊ីនតោនរបស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ដែលជាថ្ងៃទី៤ នៃការតវ៉ាជុំវិញ ការស្លាប់ របស់លោក George Floyd។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក កំឡុងពេលបិទនោះ បន្ទប់សន្និសីទសារព័ត៌មានរបស់សេតវិមាន ក៏ត្រូវបានបិទទ្វារចាក់សោ ហើយកងអង្គរក្សទទួលបន្ទុក ការពារសុវត្ថិភាពប្រធានាធិបតីអាមេរិក មិនអនុញ្ញាតឲ្យអ្នកណាម្នាក់ចាកចេញពីបរិវេណសេតវិមានផងដែរ។ យ៉ាងណាមិញ មួយសន្ទុះក្រោយមក ច្រកចេញចូលសេតវិមានត្រូវបានបើកទ្វារធម្មតាឡើងវិញ ក្រោយក្បួនបាតុកម្មបានហែផុត ឆ្ពោះទៅ កាន់វិមានសភាជាតិអាមេរិក Capitol Hill។

បាតុកម្ម ព្រមទាំងកុបកម្មនៅ សហរដ្ឋអាមេរិកបានផ្ទុះឡើង បន្ទាប់លោក Floyd អាយុ៤៦ឆ្នាំ បានបាត់បង់ជីវិត កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីត្រូវប៉ូលិស ស្បែកសម្នាក់នៅទីក្រុង Minneapolis នៃរដ្ឋ Minnesota យកជង្គង់សង្កត់លើកញ្ចឹងករហូតដល់លោកដាច់ខ្យល់ស្លាប់។

លោក Floyd ត្រូវបានប៉ូលិស០៤នាក់ធ្វើការឃាត់ខ្លួននៅទីក្រុង Minneapolis ក្រោមសង្ស័យថារូបលោកបានប្រព្រឹត្តបទល្មើសគឺ ចាយលុយ ក្លែងក្លាយ។ យោងតាមឃ្លីបវីដេអូដែលបង្ហាញពីការឃាត់ខ្លួនលោក Floyd បុរសស្បែកខ្មៅរូបនេះ ត្រូវបានក្រុមប៉ូលិសដែលមានស្បែកស ដាក់ខ្លួនឲ្យ ពោបទៅលើ ថ្នល់ក្បែររថយន្តប៉ូលិស ហើយពួកគេបាននាំគ្នាចាប់សង្កត់លោកថែមទៀត បើទោះបីជាដៃលោកត្រូវពួកគេវាយ ខ្នោះរួចស្រេចទៅហើយក្តី។

ក្នុងចំណោមនោះ ប៉ូលិស ម្នាក់ឈ្មោះ Derek Chauvin បានយកជង្គង់សង្កត់កលោក Floyd អស់រយៈពេលជាច្រើននាទី ទោះបីលោក Floyd បានស្រែកសុំអង្វរករម្តងហើយម្តងទៀតថា លោកពិបាកដង្ហើមយ៉ាងណាក្តី រហូតទាល់លោកបាត់បង់ស្មារតីលែងកម្រើក គឺលោកទំនងជា បានបាត់បង់ជីវិតភ្លាមៗនាពេលនោះតែម្តង ខណៈលោកត្រូវគេប្រកាសថាបានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ សម្រាប់អតីតប៉ូលិស Minneapolis លោក Chauvin វិញ គឺត្រូវបានចាប់ខ្លួន និងចោទប្រកាន់ជាផ្លូវការពីបទឃាតកម្ម និងមនុស្សឃាតដោយអចេតនា នៅថ្ងៃសុក្រ សប្តាហ៍នេះ ។

គួរជម្រាបថា នៅថ្ងៃសុក្រដដែល អភិបាលក្រុង Minneapolis លោក Jacob Frey បានសម្រេចដាក់ចេញនូវបម្រាមគោចរពេលយប់ ដោយ ចាប់ផ្តើមពីយប់ថ្ងៃសុក្រតែម្តង បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងអស់រយៈពេលបីយប់ជាប់គ្នា នៅទីក្រុងដ៏ធំបំផុតនេះប្រចាំរដ្ឋ Minnesota។ យ៉ាងណាក៏ដោយ បាតុកម្មក៏ដូចជាកុបកម្មដើម្បីទាមទារយុត្តិធម៌ឲ្យលោក Floyd នៅតែបានបន្តធ្វើឡើងដដែល នៅយប់ថ្ងៃសុក្រ ក្នុងទីក្រុង Minneapolis និងទីក្រុងធំៗមួយចំនួនទៀត ហើយការតវ៉ាទាំងនេះត្រូវគេរំពឹងថានឹងនៅតែបន្តជាច្រើនថ្ងៃទៀត៕