(ព្យុងយ៉ាង)៖ ក្រសួងការបរទេសកូរ៉េខាងជើងបានប្រកាសថា ខ្លួនគាំទ្រពេញមួយទំហឹងចំពោះ​សេចក្តីសម្រេចរបស់ចិនទៅលើច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុង ដែលជាយន្តការសម្រាប់ការពារសន្តិសុខជាតិចិនទាំងមូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍ដោយក្រសួងការបរទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «វាជាជំហានស្របច្បាប់មួយរបស់ចិន ដែលបានធ្វើការអនុម័តលើសេចក្តីសម្រេចក្នុងការបង្កើត និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធច្បាប់ និងយន្តការអនុវត្តសម្រាប់តំបន់សេដ្ឋកិច្ចពិសេសហុងកុង ដើម្បីការពារឲ្យបាននូវសន្តិសុខជាតិ ដោយយោងទៅលើរដ្ឋធម្មនុញ្ញ​នៃសាធារណរដ្ឋប្រជាមានិតចិន និងច្បាប់នៃទីក្រុងហុងកុងផ្ទាល់»

ប្រទេសកូរ៉េខាងជើង ក្នុងនាមជាប្រទេសជិតខាង និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ចិនផងដែរនោះ បានបញ្ជាក់ទៀតថា ស្ថានការណ៍ដ៏យ៉ាប់យ៉ឺនដែលត្រូវបានបង្កើតនៅហុងកុង នាប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបាននិងកំពុងគំរាមកំហែងដល់គោលការណ៍ «ប្រទេសមួយ, ប្រព័ន្ធគ្រប់គ្រងពីរ» និងសន្តិសុខរបស់ប្រទេសចិនផ្ទាល់តែម្តង។

គួរបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍គាំទ្រចិន ពីសំណាក់កូរ៉េខាងជើងខាងលើនេះ បានកើតមានឡើងចំពេលដែលទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន​កាន់តែធ្លាក់ចូលក្នុងជម្លោះយ៉ាងច្រើនជំពាក់មុខ ដាច់ដោយឡែកពីបញ្ហា COVID-19។ បច្ចុប្បន្នបញ្ហាធំៗរវាងប្រទេសមហាយក្សសេដ្ឋកិច្ចទាំងពីរនេះគឺ សង្គ្រាមពាណិជ្ជកម្ម កោះតៃវ៉ាន់ និងបញ្ហាហុងកុងនេះឯង៕