(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តពន្យារពេលកិច្ចប្រជុំកំពូល G7 ដែលគ្រោងនឹងធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន នៅចុងខែមិថុនាខាងមុខនេះ ព្រមទាំងនឹងអញ្ជើញមេដឹកនាំនៃបណ្ដាប្រទេសដទៃដែលមិនមែនជាសមាជិកចូលរួមក្នុងកិច្ចប្រជុំនេះនៅពេលអនាគត។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ធ្វើការប្រកាសបែបនេះ នៅលើយន្ដហោះ Air Force One កំឡុងធ្វើដំណើរត្រឡប់ពីរដ្ឋ Florida មកកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ (ម៉ោងនៅម៉ោងនៅក្នុងតំបន់) និងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោកស្រី អង់ហ្គែឡា មើគែល (Angela Merkel) បានសម្រេចចិត្ត «បដិសេធ» ការអញ្ជើញដោយលោកប្រធានាធិបតីអាមេរិក ឲ្យលោកស្រីចូលរួមកិច្ចប្រជុំកំពូល G7 នៅរដ្ឋធានីវ៉ាស៊ីនតោន ដោយសារ COVID-19។

លោក ត្រាំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា៖ «ខ្ញុំនឹងពន្យារពេលកិច្ចប្រជុំ ពីព្រោះខ្ញុំមិនមានអារម្មណ៍ថា...G7 ជាតំណាងដ៏សក្តិសមចំពោះអ្វីដែល កំពុងកើតឡើងនៅក្នុងពិភពលោកនោះទេ។ វាគឺជាក្រុមប្រទេសមួយដ៏ចាស់គំរិលហួសសម័យ»

គួរបញ្ជាក់ថា ដំបូងឡើយ កិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 រួមមាន សហរដ្ឋអាមេរិក, កាណាដា, បារាំង, អាល្លឺម៉ង់, អ៉ីតាលី, ជប៉ុន និងចក្រភពអង់គ្លេស គ្រោងនឹងធ្វើឡើងនៅឯរដ្ឋធានីវ៉ាស៊ីនតោន នៅចុងខែមិថុនាខាងមុខនេះ។ បើតាមលោក ត្រាំ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅខែកញ្ញា ហើយលោកនឹងអញ្ជើញមេដឹកនាំនៃបណ្ដាប្រទេសមួយចំនួនឱ្យ ចូលរួមក្នុងកិច្ចប្រជុំនេះដែរមានដូចជា រុស្ស៊ី, កូរ៉េខាងត្បូង, អូស្រ្តាលី និងឥណ្ឌា៕