(មីនីសូតា)៖ អភិបាលរដ្ឋមីនីសូតា លោក Tim Walz បានឱ្យដឹងថាលោកបាន និងកំពុងចល័តកងកម្លាំងឆ្មាំជាតិ ១,៣០០០នាក់ ជាលើកដំបូងបំផុតនៅក្នុង ប្រវត្តិសាស្ត្រនៃរដ្ឋមួយនេះ ដើម្បីដោះស្រាយជាមួយក្រុមកុបករបំផ្លាញហាងទំនិញ និងប្រើប្រាស់ហិង្សា ក្នុងបាតុកម្មតវ៉ាទាមទារយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ ម្នាក់ដែលបានស្លាប់នៅក្រោមកណ្ដាប់ដៃរបស់ប៉ូលិស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០។

បាតុកម្មយ៉ាងហិង្សា បន្តរីករាលដាលស្ទើរពាសពេញសហរដ្ឋអាមេរិក ជាច្រើនថ្ងៃមកហើយ បន្ទាប់ពីពលរដ្ឋអាមេរិកកាំងស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ (Goerge Floyd) ដែលគ្មានអាវុធសោះនៅក្នុងដៃបានស្លាប់ក្រោមជង្គង់ ប៉ូលិសស្បែកសមា្នក់នៅឯទីក្រុង Minneapolis នៃរដ្ឋមីនីសូតា (Minnesota) កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយសារតែការចាយក្រដាសប្រាក់ក្លែងក្លាយចំនួន ២០ដុល្លារ។ ក្រៅពីទីក្រុង Minneapolis បាតុកម្មតវ៉ាប្រឆាំងនឹងអំពើហិង្សា ប្រព្រឹត្តឡើងដោយប៉ូលិសស្បែកសលើពលរដ្ឋអាមេរិកស្បែកខ្មៅ ក៏បានផ្ទុះឡើងដូចគ្នានៅតាមទីក្រុងជាច្រើនទៀត នៃសហរដ្ឋអាមេរិកដូចជា ទីក្រុង ឡូសអាន់ជែលែស (Los Angeles), មែមភីស (Memphis), ល្វីសវាល (Louisville), ញូយ៉ក(New York), ហ៊ូស្តុន (Houston) និងរដ្ឋធានីវ៉ាស៊ីនតោន។

ប្រឈមមុខនឹងស្ថានការណ៍កាន់តែអាក្រក់ឡើង អភិបាលរដ្ឋមីនីសូតា លោក Tim Walz បានព្រមានថាកងកម្លាំងឆ្មាំជាតិ ដែលត្រូវបានដាក់ពង្រាយ អាចនឹង ប្រើប្រាស់កម្លាំងបាយបង្រ្កាបក្រុមកុបករ ខណៈលោកផ្ទាល់ថា អះអាងថាបាតុកម្មតវ៉ាលែងមានបុព្វហេតុដើម្បីលោក ចច ហ្វ្លយដ៍ ទៀតហើយ តែមានគោលដៅ បង្កចលាចល និងវាយប្រហារលើជនស៊ីវិល។ លោក Walz បានលើកឡើងដូច្នេះថា៖ «ទីក្រុង Minneapolis និងទីក្រុង St. Paul ដ៏អស្ចារ្យរបស់យើងកំពុងស្ថិត នៅក្រោមការវាយប្រហារ។ បាតុកម្មនៅក្នុងទីក្រុង Minneapolis បច្ចុប្បន្ន លែងមានបុព្វហេតុដើម្បីលោក ចច ហ្វ្លយដ៍ទៀតហើយ តែវាគឺជាការវាយប្រហារលើ ជនស៊ីវិល, បង្កការភ័យខ្លាច និងការឈឺចាប់ជាប្រវត្តិសាស្ត្រដល់សហគមន៍របស់យើង...ដូច្នេះយើងនឹងស្ដារសណ្ដាប់ធ្នាប់ឡើងវិញ ហើយបើចាំបាច់យើងនឹងប្រើ កម្លាំងបាយបង្ក្រាប»

គួរបញ្ជាក់ថា លោក Floyd ត្រូវបានប៉ូលិស ០៤នាក់ធ្វើការឃាត់ខ្លួននៅទីក្រុង Minneapolis ក្រោមសង្ស័យថា រូបលោកបានប្រព្រឹត្តបទល្មើសគឺ ចាយលុយក្លែងក្លាយចំនួន ២០ដុល្លាអាមេរិក។ ក្នុងចំណោមនោះ ប៉ូលិសម្នាក់ឈ្មោះ ដេរិក ឆូវីន (Derek Chauvin) បានយកជង្គង់សង្កត់កលោក Floyd អស់រយៈពេលជាច្រើននាទី ទោះបីលោក Floyd បានស្រែកសុំអង្វរករម្តងហើយម្តងទៀតថា លោកពិបាកដង្ហើមយ៉ាងណាក្តី រហូតទាល់លោកបាត់បង់ស្មារតីលែងកម្រើក គឺលោកទំនងជា បានបាត់បង់ជីវិតភ្លាមៗនាពេលនោះតែម្តង ខណៈអាជ្ញាធរក្រោមកបានប្រកាសថា Floyd បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ នៅទីបំផុតទៅ អតីតមន្ត្រីប៉ូលីសដែលបានប្រើអំពើហិង្សានេះ ត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ជាផ្លូវការ ពីបទឃាតកម្មកម្រិត ៣ និងឃាតកម្មដោយអចេតនាកម្រិត ២ នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលអាចជាប់ពន្ធនាគារ ០៤ឆ្នាំ៕