(ប៊ែលហ្សិក)៖ ព្រះអង្គម្ចាស់ប៊ែលហ្សិក Joachim ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 បន្ទាប់ពីបានយាងចូលរួមក្នុងពិធីជប់លៀងមួយ កំឡុងវិធានការ បិទប្រទេស នៅក្នុងប្រទេសអេស្ប៉ាញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០។

បើតាមព្រះរាជវាំងប៊ែលហ្សិក ព្រះអង្គម្ចាស់ប៊ែលហ្សិក Joachim មានព្រះជន្ម ២៨វស្សា បានយាងធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២៦ ខែឧសភា ហើយពីរថ្ងៃក្រោយ ទើបព្រះអង្គម្ចាស់បានយាងចូលរួមក្នុងពិធីជប់លៀងមួយនៅឯទីក្រុង Córdoba នៃភាគខាងត្បូងប្រទេសអេស្ប៉ាញ មុននឹងតេស្ដ វិជ្ជមាន COVID-19។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ ព្រះអង្គម្ចាស់ Joachim ដែលជាក្មួយប្រុសរបស់ព្រះមហាក្សត្រប៊ែលហ្សិក Philippe គឺស្ថិតនៅក្នុងចំណោម មនុស្ស២៧នាក់ បានចូលរួមក្នុងពិធិជប់លៀងក្នុងទីក្រុង Córdoba ខណៈនៅក្រោមវិធានការបិទប្រទេស ពិធីជប់លៀង ឬជួបជុំគ្នានៅក្នុងទីក្រុងមួយនេះ មិន អាចធ្វើឡើងដោយមានមនុស្សចូលរួមច្រើនជាង ១៥នាក់ឡើយ។ ប៉ូលិសអេស្ប៉ាញ ក៏បានបើកការស៊ើបអង្កេតលើពិធីជប់លៀងនេះដែរ ហើយអ្នកដែលល្មើស នឹងវិធានការប្រឆាំង COVID-19 របស់អាជ្ញាធរ អាចប្រឈមមុខនឹងការផាកពិន័យ ១១,១០០ដុល្លារ៕