(ឡូស អាន់ជែលឡែស)៖ ទីក្រុងមួយចំនួន នៅក្នុងសហរដ្ឋអាមេរិក បានសម្រេចចិត្តដាក់បម្រាមគោចរនៅពេលយប់ ខណៈបាតុកម្មតវ៉ាប្រឆាំងនឹងអំពើហិង្សាលើ ពលរដ្ឋអាមេរិកស្បែកខ្មៅ រីករាលដាលទូទាំងប្រទេស បន្ទាប់ពីបុរសស្បែកខ្មៅម្នាក់ត្រូវប៉ូលិសយកជង្គង់សង្កត់ករហូតដល់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០។

អភិបាលរដ្ឋនៅក្នុងរដ្ឋ Georgia, Kentucky, Ohio និងរដ្ឋ Texas បាននាំគ្នាដាក់ពង្រាយកងកម្លាំងឆ្មាំជាតិ ក្រោយអំពើហិង្សាផ្ទុះឡើងកាលពីយប់ថ្ងៃសុក្រ កន្លងទៅនេះ ខណៈបម្រាមគោចរនៅពេលយប់ ត្រូវបានដាក់ឱ្យអនុវត្តនៅក្នុងទីក្រុងចំនួន២៥ ក្នុងនោះរួមមានដូចជាទីក្រុង Portland នៃរដ្ឋ Oregon និងទីក្រុង Cincinnati នៃរដ្ឋ Ohio ជាដើម។ អភិបាលក្រុង ទីក្រុង ឡូស អាន់ជែលឡែស លោក Eric Garcetti ក៏បានប្រកាសដាក់បម្រាមគោចរដោយចាប់ផ្ដើមពីម៉ោង៨យប់ ថ្ងៃសៅរ៍ រហូតដល់ម៉ោង ៥៖៣០នាទីព្រឹក ថ្ងៃអាទិត្យនេះផងដែរ (ម៉ោងនៅក្នុងតំបន់) ស្របពេលលោក ដូណាល់ ត្រាំ ព្រមានថានឹងបញ្ឈប់បាតុកម្មរតវ៉ាដ៏ហិង្សាប្រឆាំងនឹងប៉ូលិស។

គួរជម្រាបថា បាតុកម្មយ៉ាងហិង្សា បន្តរីករាលដាលទូទាំងសហរដ្ឋអាមេរិក ជាច្រើនថ្ងៃមកហើយ បន្ទាប់ពីពលរដ្ឋអាមេរិកកាំងស្បែកខ្មៅម្នាក់ឈ្មោះ ចច ហ្វ្លយដ៍ (Goerge Floyd) ដែលគ្មានអាវុធសោះនៅក្នុងដៃបានស្លាប់ក្រោមជង្គង់ ប៉ូលិសស្បែកសមា្នក់នៅឯទីក្រុង Minneapolis នៃរដ្ឋមីនីសូតា (Minnesota) កាលពីថ្ងៃចន្ទសប្តាហ៍នេះ។

លោក Floyd ត្រូវបានប៉ូលិស ០៤នាក់ធ្វើការឃាត់ខ្លួននៅទីក្រុង Minneapolis ក្រោមសង្ស័យថា រូបលោកបានប្រព្រឹត្តបទល្មើសគឺ ចាយលុយក្លែងក្លាយចំនួន ២០ដុល្លាអាមេរិក។ ក្នុងចំណោមនោះ ប៉ូលិសម្នាក់ឈ្មោះ ដេរិក ឆូវីន (Derek Chauvin) បានយកជង្គង់សង្កត់កលោក Floyd អស់រយៈពេលជាច្រើននាទី ទោះបីលោក Floyd បានស្រែកសុំអង្វរករម្តងហើយម្តងទៀតថា លោកពិបាកដង្ហើមយ៉ាងណាក្តី រហូតទាល់លោកបាត់បង់ស្មារតីលែងកម្រើក គឺលោកទំនងជា បានបាត់បង់ជីវិតភ្លាមៗនាពេលនោះតែម្តង ខណៈអាជ្ញាធរក្រោមកបានប្រកាសថា Floyd បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

នៅទីបំផុតទៅ អតីតមន្ត្រីប៉ូលីសដែលបានប្រើអំពើហិង្សានេះ ត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ជាផ្លូវការ ពីបទឃាតកម្មកម្រិត ៣ និងឃាតកម្មដោយអចេតនាកម្រិត ២ នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលអាចជាប់ពន្ធនាគារ ០៤ឆ្នាំ៕