(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិក បានឃាត់ខ្លួនមនុស្សជិត ១,៤០០នាក់ នៅតាមទីក្រុងចំនួន១៧ ខណៈបាតុកម្មតវ៉ាទាមទារយុត្តិធម៌ឱ្យបុរសស្បែកខ្មៅឈ្មោះ George Floyd ដែលបានស្លាប់នៅក្រោមដៃប៉ូលិស បានរីកសាយទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០។

លោក Floyd ត្រូវបានប៉ូលិស ០៤នាក់ធ្វើការឃាត់ខ្លួននៅទីក្រុង Minneapolis នៃរដ្ឋ Minnesota ក្រោមការសង្ស័យថា រូបលោកបានប្រព្រឹត្តបទល្មើសគឺចាយលុយ ក្លែងក្លាយចំនួន ២០ដុល្លាអាមេរិក។ ក្នុងចំណោមនោះ ប៉ូលិសម្នាក់ឈ្មោះ ដេរិក ឆូវីន (Derek Chauvin) បានយកជង្គង់សង្កត់កលោក Floyd អស់រយៈពេលជាច្រើន នាទី ទោះបីលោក Floyd បានស្រែកសុំអង្វរករម្តងហើយម្តងទៀតថា លោកពិបាកដង្ហើមយ៉ាងណាក្តី រហូតទាល់លោកបាត់បង់ស្មារតីលែងកម្រើក គឺលោកទំនងជា បានបាត់បង់ជីវិតភ្លាមៗនាពេលនោះតែម្តង ខណៈអាជ្ញាធរក្រោមកបានប្រកាសថា Floyd បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ចំណែកឯ អតីតមន្ត្រីប៉ូលីសដែលបានប្រើអំពើហិង្សានេះ ត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ជាផ្លូវការ ពីបទឃាតកម្មកម្រិត ៣ និងឃាតកម្មដោយអចេតនាកម្រិត ២ នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលអាចជាប់ពន្ធនាគារ ០៤ឆ្នាំ។ ប៉ុន្តែ ក្រុមបាតុករ បានអះអាងថាពួកគេនឹងមិនបញ្ឈប់ការតវ៉ាឡើយ រហូតទាល់តែមានយុត្តិធម៌ពេញលេញ សម្រាប់ George Floyd។

បើតាមទីភ្នាក់ងារព័ត៌មាន AP បាតុករយ៉ាងហោច ១,៣៨៣នាក់ ត្រូវបានឃាត់ខ្លួន ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ប៉ុន្តែចំនួននេះអាចនឹងកើនឡើង ពីព្រោះបាតុកម្មតវ៉ា នៅតែបន្តធ្វើឡើងនៅឡើយ ដោយមិនខ្វល់ឡើយពីបម្រាមគោចរ ដែលបានដាក់លើទីក្រុងចំនួន២៥ នៃរដ្ឋចំនួន១៦។

គួរជម្រាបថា នៅក្នុងបាតុកម្មតវ៉ាប៉ុន្មានថ្ងៃមុននេះ អំពើហិង្សា និងការបំផ្លិចបំផ្លាញ បានផ្ទុះឡើងរឹតខ្លាំងរវាងក្រុមបាតុករ និងប៉ូលិស ដែលបានប្រើប្រាស់ឧស្ម័នបង្ហូរ ទឹកភ្នែក, ឧស្ម័នម្រេច ព្រមទាំងកម្លាំងបាយមួយចំនួន ដើម្បីបំបែកហ្វូងបាតុករ។ ម្យ៉ាងវិញទៀត ប្រឈមមុខនឹងស្ថានការណ៍កាន់តែអាក្រក់ ទីក្រុងជាច្រើននៅក្នុង សហរដ្ឋអាមេរិក បានស្នើសុំជំនួយពីកងកម្លាំងឆ្មាំជាតិ។ មិនតែប៉ុណ្ណោះ លោក ដូណាល់ ត្រាំ ក៏បានបង្គាប់ផងដែរឱ្យមន្ទីរបញ្ចកោណដាក់យោធាឱ្យក្នុងលក្ខណៈប្រុង ជើងការ ហើយថាពួកគេអាចនឹងត្រូវបានដាក់ពង្រាយទៅកាន់រដ្ឋ Minnesota៕