(ម៉ូស្គូ)៖ ភ្លើងនៅតែបន្តឆេះព្រៃយ៉ាងសន្ធោសន្ធៅ លើផ្ទៃដីសរុបប្រមាណជាង ១៦៥,០០០ហិកតា ទូទាំងប្រទេសរុស្ស៊ីតែម្តង ប៉ុន្តែនៅតំបន់ចុងបូព៌ា​មានករណីឆាបឆេះធ្ងន់ធ្ងរជាងគេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០។

បើតាមអាជ្ញាធររុស្ស៊ី ភ្លើងឆេះព្រៃសរុបជាង ៤១,០០០ហិកតាបានកើតមាន​នៅឧបទ្វីបឈូកូតកា ( Chukotka), ៤០,២៦២ហិកតានៅឧបទ្វីប ខាំឆាតកា (Kamchatka) និង ៣៦,១៤០ហិកតានៅតំបន់ ម៉ាហ្គាដេន (Magadan) ដែលភាគច្រើនស្ថិតនៅតំបន់ចុងបូព៌ា។

គួរបញ្ជាក់ថា អាកាសធាតុក្តៅ និងស្ងួត គឺជាកត្តាជម្រុញឲ្យមានករណីភ្លើងឆេះព្រៃ​នៅតំបន់ទូទាំងប្រទេសរុស្ស៊ី ខណៈប្រទេសនេះកំពុងរងគ្រោះដោយ COVID-19 ធ្ងន់ធ្ងរលំដាប់លេខ ៣ លើលោក។ បច្ចុប្បន្នក្រុមពន្លត់អគ្គីភ័យមានគ្នា ៣,៣៤០នាក់, ឧបករណ៍ពន្លត់ ៥១២គ្រឿង និងយន្តហោះដឹកទឹក ៤៥គ្រឿង​កំពុងតែបំពេញប្រតិបត្តិការពន្លត់៕