(ញូដេលី)៖ តាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ១,៤៣៥,៤៥៣ ករណីក្នុងនោះអ្នកជំងឺសរុប ៣២,៧៧១នាក់បានស្លាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលឥណ្ឌាបានថ្លែងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ខ្លួនបានរកឃើញករណីឆ្លងថ្មីៗចំនួន ៤៩,៩៣១ករណី ដែលចំនួនករណីឆ្លងច្រើនបំផុត មិនធ្លាប់មានក្នុងមួយថ្ងៃ និងអ្នកជំងឺ ៧០៨នាក់បន្ថែមបានស្លាប់។ ដោយឡែកមនុស្ស ៩១៧,៥៦៨នាក់បានជាសះស្បើយឡើងវិញ ធ្វើឲ្យចំនួនអ្នកជំងឺដែលកំពុងតែសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យនៅសល់ ៤៨៥,១១៤នាក់។

យោងតាមតួលេខរបស់ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា ហៅកាត់ថា ICMR បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៦ ខែកក្កដា ប្រទេសឥណ្ឌាបានពិនិត្យសំណាករក COVID-19 លើមនុស្សសរុបចំនួន ១៦,៨០៦,៨០៣នាក់ក្នុងនោះ សំណាកពីមនុស្សចំនួន ៥១៥,៤៧២នាក់ត្រូវបានធ្វើតេស្ត តែក្នុងមួយថ្ងៃអាទិត្យម្សិលមិញនេះប៉ុណ្ណោះ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសឥណ្ឌាកំពុងបង្កើនសមត្ថភាពធ្វើតេស្តរក COVID-19 នៅទូទាំងប្រទេស។ ជាក់ស្តែងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក យ៉ូគី អាទិត្យាណាត (Yogi Adityanath) អភិបាលរដ្ឋ យូតតា ប្រាដែស (Uttar Pradesh) បានបង្គាប់ឱ្យមន្ទីរសុខាភិបាលក្នុងរដ្ឋ បង្កើនសមត្ថភាពធ្វើតេស្តរក COVID-19 ឱ្យបាន ១០០,០០០នាក់ក្នុងមួយថ្ងៃ៕