(យូអិន)៖ ប្រទេសកូរ៉េខាងជើងត្រូវបានគេមើលឃើញថា នៅតែកំពុងបន្តអភិវឌ្ឍ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឥតឈប់ឈរនោះឡើយ ហើយអ្វីដែលកាន់តែគួរឲ្យ ចាប់អារម្មណ៍បន្ថែមទៀតនោះ គឺប្រទេសដ៏ឯកោមួយនេះ ទំនងជាបានអភិវឌ្ឍឧបករណ៍ពិសេសមួយចំនួន សម្រាប់បំពាក់ក្នុងក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។

របាយការណ៍ពីក្រុមជំនាញអន្តរជាតិ ទទួលបន្ទុកអង្កេតការអនុវត្តទណ្ឌកម្ម ពីអង្គការសហប្រជាជាតិ (UN) ទៅលើប្រទេសកូរ៉េខាងជើងបានអះអាងថា ប្រទេសមួយចំនួន (មិនបញ្ជាក់ឈ្មោះ) មានភស្តុដែលអាចបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង ដែលបានឆ្លងកាត់ការធ្វើតេស្តលើកទី៦ ចំពោះអាវុធនុយក្លេអ៊ែររបស់ខ្លួនរួចទៅហើយនោះ ពេលនេះទើបតែបានអភិវឌ្ឍ ឧបករណ៍តូចមួយចំនួន ដើម្បីបំពាក់ក្នុងក្បាលគ្រាប់នុយក្លេអ៊ែរ (ជាឧបករណ៍ដែលអាចបញ្ជាដល់ការបាញ់ ឬបំផ្ទុះដោយស្វ័យប្រវត្តិ)។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងមិនបានធ្វើតេស្តនុយក្លេអ៊ែរទៀតឡើយ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ មុនកិច្ចប្រជុំកំពូល ត្រាំ-គីម លើកទីមួយ ត្រូវបានធ្វើឡើងកាលពីដើមឆ្នាំ២០១៨។ យ៉ាងណាក៏ដោយ តំណាងកូរ៉េខាងជើង ប្រចាំនៅទីស្នាក់ការកណ្តាល UN ក្នុងបុរីញូយ៉ក មិនទាន់បញ្ចេញប្រតិកម្ម ចំពោះសេចក្តីរាយការណ៍ខាងលើនេះទេ ប៉ុន្តែឯកសារពាក់ព័ន្ធអំពីការលួចបន្ត អភិវឌ្ឍនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងនេះ ត្រូវបានបញ្ជូនទៅកាន់គណៈកម្មាធិការ ទទួលបន្ទុកទណ្ឌកម្មកូរ៉េខាងជើង នៃក្រុមប្រឹក្សាសន្តិសុខ UN រួចហើយនៅថ្ងៃចន្ទសប្តាហ៍នេះ៕