(ប៉ារីស)៖ រដ្ឋាភិបាលបារាំងនៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសលុបចោលការផ្ដល់សច្ចាប័ន លើសន្ធិសញ្ញាស្តីពីការធ្វើបត្យាប័នជាមួយទីក្រុងហុងកុង បន្ទាប់ពីទីក្រុងប៉េកាំង បានដាក់ចេញនូវច្បាប់សន្តិសុខថ្មី លើដែនដីអតីតអាណានិគមអង់គ្លេសមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារពត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។

ក្រសួងការបរទេសបារាំង បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យ៉ាងដូច្នេះថា «ដោយមើលឃើញការវិវត្តស្ថានការណ៍ចុងក្រោយ បារាំងនឹងមិនបន្តដំណើរការ ចំពោះការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងបត្យាប័ន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ រវាងបារាំង និងទីក្រុងហុងកុងទៀតទេ»។ ក្រសួងបានបន្ថែមទៀតថា ការសម្រេចចិត្តបែបនេះ គឺដោយសារតែច្បាប់សន្តិសុខជាតិថ្មីនេះ ដែលនឹងបង្កផលប៉ះពាល់ដល់ពលរដ្ឋ និងអាជីវកម្មរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ក្រៅពីបារាំង ប្រទេសនូវែលសេឡង់, កាណាដា, អង់គ្លេស, អូស្រ្តាលី, និងអាល្លឺម៉ង់ ក៏បានផ្អាកសន្ធិសញ្ញាធ្វើបត្យាប័នជាមួយហុងកុងរួចរាល់ហើយដែរ ចាប់តាំងពីច្បាប់សន្តិសុខថ្មីនេះត្រូវបានដាក់បង្ហាញកាលពីខែមិថុនា៕