(បេរូត)៖ ចំនួនមនុស្សស្លាប់នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ នៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត កាលពីម៉ោង ១៨៖០០នាទីល្ងាច ថ្ងៃអង្គារម្សិលមិញ (ម៉ោងនៅទីក្រុងបេរូត) បានកើនដល់ ១០០នាក់ហើយ និងច្រើនជាង ៤,០០០នាក់ផ្សេងទៀតរងរបួស ស្របពេលដែលរដ្ឋាភិបាលលីបង់ បានប្រកាស «កាន់ទុក្ខរយៈពេល ០៣ថ្ងៃ» ដោយរាប់ចាប់ពីថ្ងៃពុធនេះតទៅ។

បើតាមនាយករដ្ឋមន្ត្រីលីបង់ លោក ហាស្សាន ឌីអាប (Hassan Diab) ការផ្ទុះខាងលើគឺបានកើតចេញពីឃ្លាំងស្តុក សារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ទម្ងន់ ២,៧៥០តោន ដែលបានរក្សាទុកក្នុងឃ្លាំងនោះអស់រយៈពេល ០៦ឆ្នាំមកហើយ ដោយគ្មានការរក្សាសុវត្ថិភាពត្រឹមត្រូវ។ លោក Hassan ថែមទំាំងបានសន្យាដែរថា នឹងរកមុខអ្នកទទួលខុសត្រូវលើ សោកនាដកម្មនេះ ព្រមទាំងដាក់ទោសឱ្យធ្ងន់ធ្ងរជាទីបំផុត។

* តើសារធាតុ ammonium nitrate គឺជាអ្វី?

អាម៉ូញ៉ូមនីត្រាត (ammonium nitrate) មានរូបមន្តគីមី NH₄NO ₃ គឺជាសារធាតុគីមម្យ៉ាងរួមផ្សំឡើងដោយ នីត្រូហ្សែនអុកស៊ីត (nitrogen oxides) និងឧស្ម័នអាម៉ូញាក់ (ammonia gas)។ វាត្រូវបានគេប្រើប្រាស់ក្នុងវិស័យជាច្រើន ប៉ុន្តែគេនិយមប្រើសារធាតុគីមីនេះជាងគេ នៅក្នុងការផលិតជីកសិកម្ម និងគ្រឿងផ្ទុះ ឬគ្រាប់បែក។ អាម៉ូញ៉ូម នីត្រាត មានកម្រិតផ្ទុះខាំ្លងបំផុត នៅពេលវាមានប្រតិកម្មជាមួយភ្លើង ហើយពេលផ្ទុះវាក៏បញ្ចេញផងដែរនូវឧស្ម័នពុល ក្នុងនោះរួមមានឧស្ម័ន នីត្រូហ្សែនអុកស៊ីត (nitrogen oxides) និងឧស្ម័នអាម៉ូញាក់ (ammonia gas)។ ដោយសារតែ វាជាសារធាតុគីមីងាយនឹងឆេះ និងមានគ្រោះថ្នាក់ អាម៉ូញ៉ូមនីត្រាតត្រូវបានគេរក្សាទុក នៅកន្លែងដែលមានបទដ្ឋានសុវត្ថិភាពខ្ពស់ជាទីបំផុត។

កាលពីឆ្នាំ១៩៩៥ ការវាយប្រហារបំផ្ទុះគ្រាប់បែកលើអគារ អាល់ហ្វេដ មូរ៉ាហ៍ (Alfred P. Murrah Federal) ក្នុងទីក្រុង អូក្លាហូម៉ា (Oklahoma) សហរដ្ឋអាមេរិក ដែលបានសម្លាប់ជីវិតមនុស្ស ១៦៩នាក់ និង ៤៦៧នាក់រងរបួស បានកើតឡើងដោយប្រើប្រាស់សារធាតុ ammonium nitrate ជាង ២តោន។

បន្ថែមពីខាងលើនេះ ការផ្ទុះដ៏អាក្រក់មានពាក់ព័ន្ធសារធាតុ ammonium nitrate នៅក្នុងប្រវត្តិសាស្ត្រអាមេរិក ក៏ធ្លាប់បានកើតមានផងដែរនៅទីក្រុង តិចសាស់ស៊ីធី (Texas City) នៃរដ្ឋ Texas កាលពីខែមេសា ឆ្នាំ១៩៤៧ ផងដែរ។ ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅលើកប៉ាល់មួយគ្រឿង ផ្ទុកទៅដោយ ammonium nitrate ជាង ២,៣០០តោន ដោយបានផ្ដាច់ជីវិតមនុស្សដល់ទៅ ៥៨១នាក់ និងបំផ្លាញអគារអស់ច្រើនជាង ១,០០០អគារ។

* តើករណីផ្ទុះនៅលីបង់ជាឧប្បដិហេតុ ឬជាផែនការសម្ងាត់អ្វីមួយ?

លោក ដូណាល់ ត្រាំ បាននិយាយថា អ្នកជំនាញយោធាអាមេរិក បានប្រាប់រូបលោកថា ការផ្ទុះនេះទំនងជាមានពាក់ព័ន្ធនឹង ការវាយប្រហារបំផ្ទុះគ្រាប់បែក។ ប៉ុន្តែការលើកឡើងបែបនេះ គឺផ្ទុយទាំងស្រុងទៅនឹងការអះអាង របស់អាជ្ញាធរលីបង់ដែលថា វាគឺជាឧប្បដិហេតុកើតឡើងដោយចៃដន្យ។ បន្ថែមពីនេះមន្ត្រីរដ្ឋាភិបាលអង់គ្លេស ក៏បានចេញមុខអះអាងនៅថ្ងៃពុធនេះដែរថា វាដូចជាលឿនជ្រុលពេក នៅក្នុងការសន្និដ្ឋានអំពីអ្នកពីក្រោយការផ្ទុះ។

ចំពោះមុខអ្នកសារព័ត៌មាននៅសេតវិមាន នៅក្នុងថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ទៅកាន់ជនរងគ្រោះទាំងអស់ និងគ្រួសារសាច់ញាតិរបស់ពួកគេ និងត្រៀមខ្លួនជានិច្ចដើម្បីផ្ដល់ជំនួយ»។ ដោយឡែកនៅពេលត្រូវបានអ្នកសារព័ត៌មាន សាកសួររឿងលម្អិតអំពីហេតុការណ៍ផ្ទុះខាងលើ លោកប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា «វាហាក់ដូចជាការវាយប្រហារដ៏អាក្រក់មួយ ពោលគឺវាដូចជា ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកតែម្ដង។ ខ្ញុំបានជួបជាមួយឧត្តមសេនីយ ដ៏អស្ចារ្យរបស់យើងជាច្រើននាក់ ហើយពួកគេក៏យល់ដូចគ្នានេះដែរ»។

មកទល់នឹងពេលនេះ អាជ្ញាធរលីបង់កំពុងស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃផ្ទុះ និងអ្នកទទួលខុសត្រូវយកមកកាត់ទោសតាមច្បាប់។ ចំណែកឯ ប្រធានាធិបតីលីបង់ លោក មីឈែល អាអូន (Michel Aoun) គ្រោងនឹងបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់មួយនៅថ្ងៃពុធនេះ ហើយការប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្នរយៈពេល ០២សប្ដាហ៍ រួមជាមួយកញ្ចប់ថវិកាសង្រ្គោះបន្ទាន់ ៦៦លានដុល្លារ ក៏នឹងត្រូវប្រកាសផងដែរ៕

ប្រភព៖ New York Times (ថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០)