(ប៉េកាំង)៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ នេះបានឱ្យដឹងថា រដ្ឋាភិបាលចិនមានផែនការបាញ់បង្ហោះ ផ្កាយរណបឧតុនិយម ០២គ្រឿង បន្ថែមទៀត ឡើងទៅកាន់ទីអវកាសនៅឆ្នាំ២០២១ខាងមុខ។

ផ្អែកលើប្រភពដែលខ្លួនទទួលបានក្រុមហ៊ុនបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងអវកាសចិន (China Aerospace Science and Technology Corporation) ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានបញ្ជាក់ទៀតថា ផ្កាយរណបមួយក្នុងចំណោមពីរគ្រឿងខាងលើ ដែលគ្រោងនឹងត្រូវបាញ់បង្ហោះ មានឈ្មោះថា ហ្វឹងយុន 3E (Fengyun-3E ឬ FY-3E)។ ផ្កាយរណបនេះនឹងក្លាយជាសមាជិកទី ៥ នៃក្រុមផ្កាយរណប Fengyun-3 នៅក្នុងគន្លងគោចរពីលើប៉ូលផែនដី និងជាផ្កាយរណបឧតុនិយម ដំបូងគេរបស់ពិភពលោក ស្ថិតនៅគន្លងគោចរប្រភេទនេះ (dawn-dusk orbit)។

ចំណែកឯ ផ្កាយរណបមួយទៀតឈ្មោះ Fengyun-4B (FY-4B) នឹងក្លាយជាផ្កាយរណបទី ២ នៃក្រុមផ្កាយរណប Fengyun-4។ ចិនបានបាញ់បង្ហោះផ្កាយរណប Fengyun-4 ទៅកាន់ទីអវកាស កាលពីខែធ្នូ ឆ្នាំ២០១៦។ FY-4B នឹងធ្វើឱ្យមានភាពប្រសើរឡើង នូវផ្កាយរណបឧតុនិយមចិន នៅក្នុងគន្លងតាមភូមិសាស្ត្រ ហើយមកទល់នឹងពេលនេះ ចិនបានបង្ហោះផ្កាយរណបឧតុនិយម Fengyun សរុប ១៧គ្រឿងហើយ៕