(យូអិន)៖ រដ្ឋាភិបាលចិននាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅញូយ៉ក) បានសម្ដែងនូវការខឹងសម្បារព្រមទាំងក្តីបារម្ភជាខ្លាំង ចំពោះការបែកធ្លាយ នៃសេចក្ដីព្រាងរបាយការណ៍សម្ងាត់មួយ របស់អង្គការសហប្រជាជាតិ (UN) ស្ដីពីប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។

អ្នកនាំពាក្យបេសកកម្មអចិន្រ្តៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយថា «របាយការណ៍សម្រាប់ពាក់កណ្ដាលឆ្នាំ២០២០ ដែលព្រាងដោយក្រុមអ្នកជំនាញគណៈកម្មាធិការ ១៧១៨ នៃក្រុមប្រឹក្សាសន្តិសុខ បានលេចធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយ ហើយបណ្តាលឲ្យបណ្តាញផ្សព្វផ្សាយ​មានការសន្និដ្ឋានតែផ្តេសតែផ្តាស។ ប្រទេសចិនសូមសម្តែងការមិនពេញចិត្ត និងព្រួយបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហានេះ»

អ្នកនាំពាក្យដដែលបានបន្តថា «កន្លងទៅក៏ធ្លាប់មានរឿងស្រដៀងគ្នានេះ​កើតឡើងដែរ ហើយពេលនោះប្រទេសជាសមាជិកមួយចំនួន រួមមានទាំងចិន ក៏បានសម្តែងក្តីបារម្ភដែរ។ ដូច្នេះចិនស្នើឲ្យ UN បង្កើនការយកចិត្តទុកដាក់​លើបញ្ហានេះឲ្យបានម៉ឺងម៉ាត់ និងជៀសវាង ការបែកធ្លាយឯកសារនាពេលអនាគត»

គួរជម្រាបថា គណកម្មាធិការ ១៧១៨ ខាងលើ គឺជាគណៈកម្មាធិការទទួលបន្ទុក លើការអង្កេតការអនុវត្តទណ្ឌកម្មកូរ៉េខាងជើង ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៦ តាមរយៈដំណោះស្រាយលេខ ១៧១៨ របស់ក្រុមប្រឹក្សាសន្តិសុខ UN ដើម្បីឆ្លើយតបចំពោះការធ្វើតេស្តនុយក្លេអ៊ែរ លើកដំបូងរបស់កូរ៉េខាងជើង ព្រមទាំងសកម្មភាពដទៃទៀត ដែលពាក់ព័ន្ធជាមួយនុយក្លេអ៊ែរ។ អ្នកនាំពាក្យចិនក៏បានគូសបញ្ជាក់ដែរថា ប្រទេសចិនបានបន្តអនុវត្តយ៉ាងតឹងរ៉ឹង ទៅលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN ពាក់ព័ន្ធនឹងកូរ៉េខាងជើង ហើយចិនបាននិងកំពុងបំពេញ​កាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ដោយស្មោះត្រង់ត្រឹមត្រូវជានិច្ច៕