(តូក្យូ)៖ ប្រទេសជប៉ុននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០នេះ បានប្រារព្ធខួបឆ្នាំទី ៧៥ នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ដំបូងបំផុតរបស់ពិភពលោក ពីសំណាក់សហរដ្ឋអាមេរិកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ដែលបានបង្ខំឱ្យជប៉ុនចុះចាញ់សង្រ្គាមលោកលើកទី ២។ ប៉ុន្តែក្នុងឆ្នាំនេះ ពិធីរំលឹកខួបដល់ជនរងគ្រោះ ត្រូវបានធ្វើឡើងក្រោមវិធានការរឹតត្បិតមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

ប្រជាជនជប៉ុនបានចាប់ផ្ដើមបន់ស្រន់ និងសឹ្មងស្មាត ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ នៅវេលាម៉ោង ៨៖១៥នាទីព្រឹកនៅថ្ងៃព្រហស្បតិ៍នេះ ជាពេលវេលាដែលគ្រាប់បែកនុយក្លេអ៊ែរ ដំបូងត្រូវបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា។ មនុស្សប្រមាណ ១៤០,០០០នាក់បានស្លាប់ ហើយក្នុងចំណោមអ្នកទាំងនេះទៀតសោត មួយចំនួនធំបានស្លាប់ភ្លាមៗ និងខ្លះទៀតបានស្លាប់ដោយសារកើតជំងឺមហារីក ដែលបង្កឡើងដោយជាតិវិទ្យុសកម្មនៃគ្រាប់បែកបរមាណូ។ ០៣ថ្ងៃក្រោយមកទៀត សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែក នុយក្លេអ៊ែរគ្រាប់ទី ២ លើទីក្រុងណាហ្គាសាគី (Nagasaki) ដោយបានផ្ដាច់ជីវិតមនុស្ស ៧៤,០០០នាក់ ហើយជប៉ុនក៏បានប្រកាសចុះចាញ់សង្រ្គាម នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥ តែម្តង។

បណ្តាអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តជាច្រើន រួមទាំងប្រជាជនអាមេរិកយល់ថា បើមិនទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទេ នោះសង្រ្គាមលោកលើកទី ២ នឹងមិនងាយបញ្ចប់ឡើយ រីឯមនុស្សស្លាប់អាចនឹងមានច្រើនជាង ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទាំង ២ គ្រាប់នេះទៅទៀត។ ប៉ុន្តែសម្រាប់ប្រជាជនជប៉ុនវិញតែងចាត់ទុកថា ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនេះ គឺជាឧក្រិដ្ឋកម្មសង្រ្គាម ដ្បិតវាមានគោលដៅលើជនស៊ីវិល និងបង្កមហន្តរាយធំធេងបំផុត នៅក្នុងប្រវត្តិសាស្ត្រជប៉ុន ក៏ដូចជាមនុស្សជាតិលើផែនដី។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមិនដែលសូមទោស ចំពោះការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុងណាហ្គាសាគីនោះទេ។ ទោះបីអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលធ្លាប់បានពេញដំណើរទស្សនកិច្ច មកកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា កាលពីឆ្នាំ២០១៦ ក្នុងនាមជាប្រធានាធិបតីអាមេរិកដំបូងបំផុត ដែលបាធ្វើដូច្នេះក៏ដោយ ក៏លោកមិនបានសូមទោសជប៉ុនដែរ ដោយគ្រាន់តែបានអំពាវនាវឱ្យពិភពលោក ចូលរួមលុបបំបាត់អាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះ៕