(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០ នេះបានរាយការណ៍ថា មានមនុស្សម្នាក់បន្ថែមទៀតបានស្លាប់ និងមនុស្ស ០៤នាក់ទៀតបានឆ្លងវីរុសកូរ៉ូណា (COVID-19) ក្នុងនោះ មានម្នាក់ស្ថិតនៅទីក្រុងហាណូយ និង ០៣នាក់ទៀតស្ថិតនៅខេត្តក្វាងណាម (Quang Nam)។ នេះបើតាមការផ្សាយដោយ សារពត៌មានវៀតណាម VNA។

ស្រ្តីអាយុ ៦៧ឆ្នាំនៅស្រុក ឌុយស៊ូយែន (Duy Xuyen) នៃខេត្តក្វាងណាម បានស្លាប់ហើយនេះជាការស្លាប់មនុស្សទី ៩ ហើយនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺ COVID-19។ ឯអ្នកជម្ងឺ ០៣នាក់ទៀតមកពីខេត្តក្វាងណាម មានអាយុចន្លោះពី ៤២-៤៥ឆ្នាំ គឺជាអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយអ្នកជម្ងឺ COVID-19 ផ្សេងទៀត និងអ្នកជម្ងឺម្នាក់ទៀតមកពីទីក្រុងហាណូយ ជាបុរសដែលមានអាយុ ៤២ឆ្នាំ និងជាអ្នកបើកឡានក្រុង ដែលបានទៅធ្វើវិស្សមកាលជាមួយក្រុមគ្រួសារ នៅទីក្រុងដាណាង ចាប់តាំងពីថ្ងៃទី១៤-១៧ ខែកក្កដាកន្លងទៅនេះ និងបានបង្ហាញរោគសញ្ញាគ្រុនក្ដៅ និងឈឺបំពង់កនៅថ្ងៃទី១៩ ខែកក្កដា បន្ទាប់មកទើបត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាតិ នៅជាយក្រុងហាណូយតែម្តង។

គួរបញ្ជាក់ គិតត្រឹមពេលនេះ វៀតណាមមានករណីឆ្លង COVID-19 សរុបចំនួន ៧១៧ករណី ក្នុងនោះអ្នកស្លាប់ចំនួន ០៩នាក់ និងជាសះស្បើយចំនួន ៣៨១នាក់៕