(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាស នៅថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០នេះតែម្តងថា ចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទ្វីបអាមេរិកទាំំងពីរ (ខាងជើង និងខាងត្បូង) បានកើនឡើងដល់ខ្ទង់ ១០លានករណីហើយ។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

នៅក្នុងរយៈពេលតែ ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ ទ្វីបអាមេរិកទាំងពីរដែលមានប្រទេស និងដែនដីសរុប ៥៥ បានរាយការណ៍ អំពីការរកឃើញករណីឆ្លងថ្មីៗរហូតដល់ទៅជាង ១៥៤,០០០ករណីទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុបពេលនេះ កើនឡើងដល់ជាង ១០,១៣៥,០០០ករណី ក្នុងនោះអ្នកស្លាប់សរុបមានជាង ៣៧៦,០០០នាក់ និងជាសះស្បើយឡើងវិញជាង ៣,៣០០,០០០នាក់។

គួរបញ្ជាក់ថា ទ្វីបអាមេរិកទាំងពីរមិនត្រឹមតែឈរលេខ ១ សម្រាប់ករណីឆ្លង COVID-19 ច្រើនជាងគេបំផុតលើលោកប៉ុណ្ណោះទេ តែសូម្បីតែអត្រាឆ្លង និងស្លាប់វិញនោះ ក៏ស្ថិតនៅលំដាប់កំពូលគេផងដែរ។ គិតចាប់តាំងពីថ្ងៃទី០៩ ខែកក្កដា ទ្វីបអាមេរិកទាំងពីរបានជួបប្រទះអត្រាឆ្លងប្រចាំថ្ងៃលើស ១០០,០០០ករណីតែម្តង ទើបបានជាករណីឆ្លង COVID-19 ស្ទុះឡើងយ៉ាងគំហុកបែបនេះ។

ប្រទេសយក្សចំនួនពីរគឺសហរដ្ឋអាមេរិក និងប្រេស៊ីលបានរ៉ាប់រងជាង ៧០% នៃករណីឆ្លងទាំង ១០ករណី នៅក្នុងទ្វីបអាមេរិកពីរ ខណៈពិភពលោកទាំងមូលគិតត្រឹមថ្ងៃសៅរ៍ ទី០៨ ខែសីហា នេះមានករណីឆ្លង COVID-19 សរុបជាង ១៩.៥លានករណី ក្នុងនោះស្លាប់ជាង ៧២.៤ម៉ឺននាក់ និងជាសះស្បើយជាង ១២.៥លាននាក់៕