(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានបង្កការភ្ញាក់ផ្អើលមួយ តាមរយៈការប្រកាសពីជោគជ័យក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 ដែលលោកផ្ទាល់ចាត់ទុកថាវាជាវ៉ាសាំង ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ និងចុះបញ្ជីដំបូងគេបំផុតនៅលើពិភពលោក បន្ទាប់ពីឆ្លងកាត់ការធ្វើតេស្ដលើមនុស្សមិនទាន់គ្រប់២ខែ ស្រួលបួលផង។ តែទន្ទឹមគ្នា នឹងការប្រកាសពីជោគជ័យនេះ ក្រុមអ្នកជំនាញលោកខាងលិច នាំគ្នាសម្ដែងការព្រួយបារម្ភ និងចោទសួរសំនួរជាច្រើនជុំវិញប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងរុស្ស៊ី ដែលត្រូវបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការ ទាំងមិនទាន់បានឆ្លងកាត់ការធ្វើតេស្ដ លើមនុស្សក្នុងតំណាក់កាលទី៣។

វ៉ាក់សាំង COVID-19 របស់រុស្ស៊ីត្រូវបានដាក់ឈ្មោះថា Sputnik V គឺជាឈ្មោះយកតាមផ្កាយរណប Sputnik 1 ដែលត្រូវបានអតីតសហភាពសូវៀត បាញ់បង្ហោះលើកដំបូងបំផុត នៅលើពិភពលោក កាលពីឆ្នាំ១៩៥៧។ ឈ្មោះ Sputnik នេះ បានធ្វើឱ្យគេនឹកឃើញដល់សង្រ្គាមផ្កាយរវាងអាមេរិក និងរុស្ស៊ី កំឡុងសម័យសង្រ្គាមត្រជាក់ ដោយនៅកាលណោះ អតីតសហភាពសូវៀត បានក្លាយជាប្រទេសដំបូងគេបំផុត ដែលនាំមុខគេខាងទីអវកាស ប៉ុន្តែក្រោយមកបែរជាឱ្យសហរដ្ឋអាមេរិក វ៉ាដាច់ទៅវិញ។

*តើនរណាជាអ្នកអភិវឌ្ឍវ៉ាក់សាំងរុស្ស៊ី?

វ៉ាក់សាំង COVID-19 របស់រុស្ស៊ី អភិវឌ្ឍឡើងដោយវិទ្យាស្ថាន Gamaleya Institute មានមូលដ្ឋានក្នុងទីក្រុងម៉ូស្គូ ត្រូវបានដាក់ឈ្មោះថា Sputnik V គឺជាឈ្មោះយកតាម ផ្កាយរណប Sputnik 1 ដែលត្រូវបានអតីតសហភាពសូវៀតបាញ់បង្ហោះលើកដំបូងបំផុត នៅលើពិភពលោកកាលពីឆ្នាំ១៩៥៧។ លោក Kirill Dmitriev ជានាយកមូលនិធិ វិនិយោគដោយផ្ទាល់របស់រុស្ស៊ី ដែលបានចូលរួមក្នុងការអភិវឌ្ឍវ៉ាក់សាំង COVID-19 បានចេញមុខការពារវ៉ាក់សាំងរុស្ស៊ី ជាមួយការបញ្ជាក់ថា វាត្រូវបានអភិវឌ្ឍដោយឈរលើ មូលដ្ឋានសិក្សាស្រាវជ្រាវអស់រយៈពេលជាច្រើនឆ្នាំមកហើយ លើវ៉ាក់សាំងអេបូឡា និងជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា ឬ MERS។

លោក Dmitriev ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS នៅថ្ងៃអង្គារសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹងការព្រួយបារម្ភ ក៏ដូចជាការសង្ស័យ ពីសំណាក់អ្នកជំនាញលោកខាងលិច ពាក់ព័ន្ធនឹងប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំង Sputnik V។ លោក Dmitriev បានគូសបញ្ជាក់ដូច្នេះថា៖ «គ្មានឡើយការអភិវឌ្ឍតាម ផ្លូវកាត់ ហើយអ្នកវិទ្យាសាស្ត្ររុស្ស៊ី មានភាពជឿនលឿននៅក្នុងវិស័យនេះជាងបណ្ដាប្រទេសដទៃ»

នាយកមូលនិធិរូបនេះ បានបន្ថែមទៀតថា សូម្បីតែសមាជិកគ្រួសាររបស់លោក ក៏ទទួលបានការចាក់វ៉ាក់សាំង Sputnik V ផងដែរ ដោយពួកគេ មិនបានរងផលប៉ះពាល់ អ្វីនោះទេ។ ចំណែកឯ បុគ្គលិកពេទ្យ គ្រូប្រងៀន និងក្រុមមនុស្ស ដែលងាយរងគ្រោះ នឹងទទួលបានការចាក់ វ៉ាក់សាំងនេះមុនគេ ក្នុងខែសីហានេះ ហើយការផលិតវ៉ាក់សាំង ទ្រង់ទ្រាយធំនឹងចាប់ផ្ដើមនៅខែកញ្ញា ខណៈការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក្នុងប្រទេសរុស្ស៊ី អាចនឹងចាប់ផ្ដើម នៅខែតុលា ខាងមុខនេះ។

*ហេតុអ្វីលោកខាងលិច បារម្ភពីវ៉ាក់សាំងរុស្ស៊ី?

ប៉ុន្មានម៉ោង ក្រោយការប្រកាសពីជោគជ័យរបស់លោក ពូទីន ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញសុខាភិបាលលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិក បាននាំគ្នាបង្ហាញ ក្ដីព្រួយបារម្ភ ព្រមទាំងចោទសួរយ៉ាងផុលផុសពីសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងរបស់រុស្ស៊ី ហើយអ្នកខ្លះថែមទាំងចោទថារុស្ស៊ី ប្រកាសពីជោគជ័យយ៉ាងតក់ក្រហល់នេះ
គឺដើម្បីមុខមាត់ តែប៉ុណ្ណោះ ដោយមិនគិតពីសុវត្ថិភាព ឬវិទ្យាសាស្ត្រឡើយ។ វ៉ាក់សាំង Sputnik V ត្រូវបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការទាំងមិនទាន់បានឆ្លងកាត់ការធ្វើតេស្ដលើ មនុស្សក្នុងតំណាក់កាលទី៣ និងឆ្លងកាត់ការធ្វើតេស្ដលើមនុស្សមិនទាន់គ្រប់ ២ខែស្រួលបួលផង។

ជាធម្មតា ការអភិវឌ្ឍវ៉ាក់សាំង ត្រូវធ្វើឡើងទៅតាមតំណាក់កាលស្ដង់ដារនីមួយៗ ក្រោមការអង្កេតយ៉ាងយកចិត្តទុកដាក់។ ពោលគឺ មុនដំបូងគេ បើការសិក្សាលើសត្វ មានលទ្ធផលល្អ នោះក្រុមអ្នកស្រាវជ្រាវ អាចនឹងស្វែងរកមនុស្សស្ម័គ្រចិត្តចូលរួមក្នុងការធ្វើតេស្ដវ៉ាក់សាំង តំណាក់កាលទី១ ហើយបើការធ្វើតេស្ដតំណាក់កាលទី១ មានលទ្ធផល ល្អទៀត នោះពួកគេនឹងចាប់ផ្ដើមតំណាក់កាលទី២ មុននឹងឈានដល់តំណាក់កាលទី៣ ដែលជាតំណាក់កាលដ៏សំខាន់។

ក៏ប៉ុន្តែ ក្នុងករណីប្រទេសរុស្ស៊ីវិញ កាលពីខែមិថុនា កន្លងទៅ វិទ្យាស្ថាន Gamaleya បានចុះបញ្ជីរួមផ្សំគ្នារវាងតំណាក់កាលទី១ និងទី២ លើការធ្វើតេស្ដវ៉ាក់សាំងមួយដែលពួកគេ ហៅថា COVID-Vac Lyo ហើយក្រុមអ្នកស្រាវជ្រាវរុស្ស៊ី មានគម្រោងធ្វើតេស្ដលើអ្នកស្ម័គ្រចិត្ត តែ៣៨នាក់ប៉ុណ្ណោះ។ វិទ្យាស្ថាននេះបានឱ្យដឹងថា វ៉ាក់សាំងរបស់ខ្លួនគឺបង្កើតឡើង ពី adenovirus ដែលជាវីរុសគ្រុនផ្ដាសាយមិនបង្កគ្រោះថ្នាក់ និងអាចដឹកនាំហ្សែនវីរុសកូរ៉ូណា ពោលគឺវិធីសាស្ត្រនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងអ្វីដែលក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Johnson & Johnson ប្រើប្រាស់ក្នុងការផលិតវ៉ាក់សាំងដូច្នោះដែរ។

លោក Daniel Salmon ជានាយកវិទ្យាស្ថានសម្រាប់សុវត្ថិភាពវ៉ាក់សាំងនៃសាលា Johns Hopkins Bloomberg School of Public Health ដែលជាផ្នែកមួយនៃ សាកលវិទ្យាល័យ Johns Hopkins បានព្រមានថា បើមិនបានឆ្លងកាត់ការធ្វើតេស្ដលើមនុស្ស ក្នុងតំណាក់កាលទី៣ទេ នោះគេមិនអាចដឹងឡើយពីប្រសិទ្ធភាព និងសុវត្ថិភាព របស់វ៉ាក់សាំង។ លោក Daniel បានលើកឡើងដូច្នេះថា៖ « ការធ្វើតេស្ដក្នុងតំណាក់កាលពីទី៣ ជារឿងមួយដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍថ្នាំ និងវ៉ាក់សាំង។ អ្នកសួរខ្ញុំ ថាតើខ្ញុំទុកចិត្តលើសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង ដែលមិនបានឆ្លងកាត់តំណាក់កាលទី៣ ដែរឬទេ? ជាការពិតណាស់ មិនអាចទុកចិត្តបានជាដាច់ខាត។

*ហេតុអ្វីរុស្ស៊ី តក់ក្រហល់ចុះបញ្ជីទទួលស្គាល់វ៉ាក់សាំង?

រឿងរុស្ស៊ី តក់ក្រហល់ចុះបញ្ជីទទួលស្គាល់វ៉ាក់សាំង មានការយល់ឃើញ និងលើកឡើងផ្សេងៗពីគ្នា ដោយអ្នកជំនាញខ្លះយល់ថាការប្រញាប់ប្រញាល់នេះ គឺដោយសារតែរុស្ស៊ី ចង់ប្រើប្រាស់វ៉ាក់សាំងនេះដើម្បីកេងចំណេញនយោបាយ និងមុខមាត់តែប៉ុណ្ណោះ។ ចំណែកឯ អ្នកខ្លះទៀត គិតថារុស្ស៊ីពិតជាអភិវឌ្ឍបានសម្រេចមែន តែរុស្ស៊ីខ្លួនឯងចង់លេង ផ្លូវកាត់ដោយចុះបញ្ជីឱ្យបានមុនគេ ចាំចាប់ផ្ដើមធ្វើតេស្ដតំណាក់កាលទី៣តាមក្រោយ ហើយក៏ឆ្លៀតឱកាសនេះដាក់សម្ពាធ និងធ្វើឱ្យសហរដ្ឋអាមេរិកខឹងសម្បារ រហូតដល់ បញ្ចេញវ៉ាក់សាំងរបស់ខ្លួនទាំងមិនទាន់ផលិតឱ្យរួចរាល់ ដើម្បីឱ្យអាមេរិកខ្មាសគេ។

ជាក់ស្ដែងដូចជា លោក Paul Offit ជានាយកមជ្ឈមណ្ឌលសិក្សាវ៉ាក់សាំង នៃមន្ទីរពេទ្យកុមារក្នុងទីក្រុងហ្វីឡាដែលហ្វី សហរដ្ឋអាមេរិក យល់ថាការអនុញ្ញាតឱ្យប្រើប្រាស់ វ៉ាក់សាំងទាំងដែលមិនបានឆ្លងកាត់គ្រប់តំណាក់កាលត្រឹមត្រូវ គឺជាកំហុសមួយដ៏ធំ និងអាចបង្កគ្រោះមហន្តរាយធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត លោក Paul Offit ក៏បានសង្កត់ ធ្ងន់ដែរថា រុស្ស៊ីតក់ក្រហល់ទទួលស្គាល់វ៉ាក់សាំង គឺជាចេតនានយោបាយ ដោយទីក្រុងម៉ូស្គូចង់ដាក់សម្ពាធធ្វើឱ្យសហរដ្ឋអាមេរិក បញ្ចេញវ៉ាក់សាំងរបស់ខ្លួនទាំងមិនទាន់ ផលិតឱ្យរួចរាល់ ដើម្បីឱ្យអាមេរិកបាក់មុខ។

យ៉ាងណាក៏ដោយ បើតាមអ្វីដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លើកឡើងក្នុងកិច្ចប្រជុំរដ្ឋាភិបាល កាលពីថ្ងៃអង្គារ ការប្រកាសទទួលស្គាល់ និងចុះបញ្ជី គឺដោយសារ តែវ៉ាក់សាំង Sputnik V របស់រុស្ស៊ី បានបង្ហាញពីប្រសិទ្ធភាព និងជំរុញសកម្មភាពអង់ទីករកម្រិតខ្ពស់ប្រកបដោយនិរន្តភាពប្រឆាំងនឹងវីរុសកូរ៉ូណា ហើយថែមទាំងបានឆ្លងកាត់ ការត្រួតពិនិត្យចាំបាច់នានាផងដែរ។ អាជ្ញាធរសុខាភិបាលរុស្ស៊ី បានបញ្ជាក់ថាការធ្វើតេស្ដលើមនុស្សតំណាក់កាលទី៣ នឹងចាប់ផ្ដើមធ្វើឡើងថ្ងៃពុធសប្ដាហ៍នេះ។

តាមការពិតទៅ អ្នកជំនាញកំពូលអាមេរិកខាងជំងឺឆ្លង លោក Anthony Fauci បានបង្ហាញក្ដីបារម្ភ និងព្រមានពីវ៉ាក់សាំងរុស្ស៊ី តាំងតែពីថ្ងៃទី៣១ ខែកក្កដាមកម្លេះ ជាពេលដែល លោកផ្ដល់សក្ខីកម្មទៅកាន់សភាអាមេរិក។ នៅក្នុងការផ្ដល់សក្ខីកម្ម លោក Fauci បានលើកឡើងត្រង់ៗដោយរំពឹងថារុស្ស៊ី រួមទាំងចិន នឹងធ្វើតេស្ដវ៉ាក់សាំងជាមុនសិន មុននឹង ចាក់លើមនុស្ស ហើយលោកក៏បង្ហាញគំនិតសុទិដ្ឋិនិយមដែរថាសហរដ្ឋអាមេរិក អាចនឹងមានវ៉ាក់សាំង COVID-19 នៅមុនចុងឆ្នាំ២០២០នេះ។ មិនតែប៉ុណ្ណោះ លោកផ្ទាល់ក៏មិន ជឿនោះដែរថា ប្រទេសផ្សេង អាចនឹងផលិតបានវ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពមុនសហរដ្ឋអាមេរិក។

ការផ្ដល់សក្ខីកម្មរបស់លោក Anthony Fauci កើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីអាមេរិក អង់គ្លេស និងកាណាដាព្រួតគ្នាចោទរុស្ស៊ីថា បានព្យាយាមលួចទិន្នន័យ ស្រាវជ្រាវវ៉ាក់សាំង COVID-19» របស់ពួកគេ។ ក្រុមមន្ត្រីសន្តិសុខអាមេរិក បាននិយាយថា ក្រុម Hackers មានឈ្មោះថា APT29 ឬ ខូហ្ស៊ីបៀរ (Cozy Bear) ដែលមាន ទំនាក់ទំនាក់ជាមួយទីភ្នាក់ងារស៊ើបការណ៍សំងាត់រុស្ស៊ី គឺជាអ្នកនៅពីក្រោយការព្យាយាមលួចព័ត៌មានពាក់ព័ន្ធនឹងការស្រាវជ្រាវវ៉ាក់សាំង COVID-19។

ក្រុម Hackers នេះប្រើប្រាស់វីរុសផ្ទាល់ខ្លួន ដែលពួកគេជាអ្នកបង្កើតឡើងឈ្មោះ វែលម៉េះ (WellMess) និង វែលមែល (WellMail) ដើម្បីលួចយកព័ត៌មានអំពីការស្រាវជ្រាវ វ៉ាក់សាំង COVID-19 នៅក្នុងសហរដ្ឋអាមេរិក កាណាដា និងចក្រភពអង់គ្លេស។ តែរុស្ស៊ី បានទាត់ចោលការចោទប្រកាន់នេះ និងចាត់ទុកថាវាជាការចោទប្រកាន់គ្មានមូលដ្ឋាន។

គួរជម្រាបថា មកទល់នឹងពេលនេះ មានវ៉ាក់សាំងចំនួន ០៥ ក្នុងនោះលោកខាងលិចចំនួន ០៣ និងចិនចំនួន ០២ កំពុងស្ថិតនៅក្នុងតំណាក់កាលទី៣ នៃការធ្វើតេស្ដ ដោយមាន មនុស្សចូលរួមរាប់ពាន់នាក់ ហើយក្នុងនោះទៀតសោត វ៉ាក់សាំងរបស់ក្រុមហ៊ុននៃប្រទេសលោកខាងលិច ត្រូវបានសហរដ្ឋអាមេរិក បញ្ជាទិញយ៉ាងច្រើនរួចមកហើយ។
សាកលវិទ្យាល័យអង់គ្លេស Oxford University ដែលកំពុងសហការជាមួយក្រុមហ៊ុន AstraZeneca រំពឹងថាការធ្វើតេស្ដវ៉ាក់សាំង COVID-19 របស់ពួកគេអាចនឹងចេញលទ្ធផល នៅខែកញ្ញាខាងមុខ ខណៈក្រុមហ៊ុនអាមេរិក Moderna និងវិទ្យាស្ថានជាតិសុខាភិបាលអាមេរិក រំពឹងថានឹងមានលទ្ធផល ចុងឆ្នាំ២០២០នេះ ឬក៏អាចនៅខែវិច្ឆិកា ខាងមុខតែម្ដង៕

ប្រភព៖ New York Times និង CNBC