(ស៊ូដង់)៖ ការប៉ះទង្គិចគ្នារវាងកងទ័ព និងជនស៉ីវិលដែលប្រដាប់ដោយអាវុធនៅឯក្រុងថុញ (Tonj) ភាគខាងកណ្តាល ប្រទេសស៊ូដង់ខាងត្បូង បានបណ្តាលឲ្យមនុស្សសរុបរហូតដល់ ១២៧នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Al Arabiya នៅល្ងាចថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០។

អ្នកនាំពាក្យយោធាស៊ូដង់ខាងត្បូង លោក ឡាល់ រ៉ាយ កង (Lul Ruai Koang) នៅថ្ងៃពុធនេះបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ក្នុងការប៉ះទង្គិចគ្នា ដែលបានផ្ទុះឡើងកាលពីចុងសប្តាហ៍មុន នៅក្រុង Tonj នៃរដ្ឋ វ៉ារ៉ាប់ (Warrap) បានកើនដល់ ១២៧នាក់ ក្នុងនោះ ៤៥នាក់ជាទាហាន និង ៨២នាក់ជាជនស៉ីវិលប្រដាប់អាវុធ។ អំពើហិង្សានេះត្រូវបានបង្កឡើង នៅពេលក្រុមជនស៉ីវិលមិនព្រមប្រគល់អាវុធឲ្យមកខាងកងទ័ព ដែលវាគឺជាផ្នែកនៃកិច្ច ព្រមព្រៀងសន្តិភាពថ្មីចុងក្រោយបំផុត ទើបចុះហត្ថលេខារវាងប្រធានាធិបតីស៊ូដង់ខាងត្បូង លោក សាល់វ៉ា ឃីអឺ (Salva Kiir) និងលោក រីក ម៉ាឆា (Riek Machar) ដែលជាគូបដិបក្ខនឹងគ្នា។

គួរជម្រាបថា ប្រទេសស៊ូដង់ខាងត្បូង បានប្រកាសឯករាជ្យពីស៊ូដង់ កាលពីឆ្នាំ២០១១ ប៉ុន្តែមិនយូរប៉ុន្មានគឺពីរឆ្នាំក្រោយមក ក៏បានធ្លាក់ចូលក្នុងភ្លើងសង្រ្គាមស៉ីវិល នៅពេលលោក Kiir ដែលមានប្រភពមកពីខាងសហគមន៍ ឌីងកា (Dinka) បានបញ្ចប់តំណែងអនុប្រធានាធិបតីរបស់លោក Riek ដែលជាសមាជិកនៃសហគមន៍ នូអឺ (Nuer) និងជាគូបដិបក្ខរបស់សហគមន៍ Dinka នោះ។ លោក Riek ទើបត្រូវបានតែងតាំងឲ្យឡើងកាន់តំណែង ជាអនុប្រធានាធិបតីស៊ូដង់ខាងត្បូងសាជាថ្មី កាលពីខែកុម្ភៈ ឆ្នាំ២០២០៕