(ពិភពលោក)៖ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃពុធនេះថា សមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមនៅសប្តាហ៍នេះដូចការគ្រោងទុក បើទោះបីជាមានហានិភ័យ នៃការឆ្លង COVID-19 ក៏ដោយ ប៉ុន្តែការកែសម្រួលមួយចំនួន ត្រូវបានធ្វើឡើង។

២៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់លោក ហ្សែនស៍ ស្ពេន (Jens Spahn) នៅថ្ងៃពុធនេះបានចេញមុខ រិះគន់ប្រទេសរុស្ស៊ីចំៗតែម្តង ចំពោះការប្រកាសជោគជ័យ លើការអភិវឌ្ឍវ៉ាក់សាំង COVID-19 ទាំងមិនទាន់ធ្វើតេស្តស្វែងរកប្រសិទ្ធភាព និងសុវត្ថិភាពឲ្យបានត្រឹមត្រូវ។

៣៖ តាមទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃពុធនេះបានឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនលើស ២.៣លានករណីហើយ ក្នុងនោះមនុស្ស ៤៦,០៩១នាក់បានស្លាប់។

៤៖ ចិនបានប្រាប់ឱ្យកងទ័ពរបស់ខ្លួនរក្សាការអត់ធ្មត់ ឱ្យបានកម្រិតខ្ពស់ជាទីបំផុត ដោយមិនត្រូវបើកការបាញ់ប្រហារ លើយន្ដហោះចម្បាំង ឬនាវាចម្បាំងអាមេរិកមុនជាដាច់ខាត ខណៈទីក្រុងប៉េកាំង កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ដើម្បីកុំឱ្យអាមេរិកចេះតែមានលេស បង្កើនវត្តមានយោធានៅក្នុងតំបន់។

៥៖ រថភ្លើងដឹកសម្ភារៈផ្គត់ផ្គង់ ប្រឆាំងនឹងជំងឺ COVID-19 ចំនួន ៤៥កុងតឺណឺបានចាកចេញពីទីក្រុងស៊ីអាន នៃខេត្តសានស៊ី (Shaanxi) ភាគពាយ័ព្យប្រទេសចិន ដើម្បីធ្វើដំណើរទៅឆ្ពោះកាន់ទីក្រុង មីឡាន (Milan) ប្រទេសអ៉ីតាលីនៅថ្ងៃពុធនេះតែម្តង។

៦៖ នៅថ្ងៃពុធនេះសារព័ត៌មានអាមេរិក Bloomberg News ដោយផ្អែកលើប្រភពខ្លួនទទួលបានឲ្យដឹងថា ក្រុមមន្រ្តីចរចារបស់សហរដ្ឋអាមេរិក និងប្រទេសចិន គ្រោងពិភាក្សាគ្នាអំពីការអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ (Phase One) នៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយភាគីចិនទំនងជានឹងលើកយកបញ្ហាជុំវិញ TikTok ព្រមទាំង WeChat មកពិភាក្សា៕