(កាត្មាន់ឌូ)៖ ប្រភពពីមន្ត្រីរដ្ឋាភិបាលនេប៉ាល់ម្នាក់ បានឲ្យដឹងថា គ្រោះរអិលបាក់ដីដែលបង្កឡើងដោយទឹកភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភូមិចំនួនពីរនៅប្រទេសនេប៉ាល់ នៅថ្ងៃអាទិត្យនេះ។ ក្នុងហេតុការណ៍នេះ មនុស្សយ៉ាងហោចណាស់ ១២នាក់ស្លាប់បាត់បង់ជីវិត ខណៈ២១នាក់ទៀតកំពុងតែបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២០។

មន្ត្រីរដ្ឋាភិបាលនេប៉ាល់ លោក Murari Wasti បានគូសបញ្ជាក់ថា មានមនុស្សចំនួន ១០បានស្លាប់ និង២១នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីដ៏ធំមួយ បានវាយប្រហារផ្ទះសម្បែងជាច្រើនខ្នង នៅទីប្រជុំជន Barahbise ស្ថិតនៅចម្ងាយ ១០០គីឡូម៉ែតភាគខាងកើតនៃទីក្រុង Kathmandu ជាប់ព្រំដែនជាមួយតំបន់ទីបេនៃប្រទេសចិន។ ចំណែកឯ មនុស្សស្លាប់ ០២នាក់ទៀតនៅទីប្រជុំជន Baglung ស្ថិតនៅភាគពាយព្យ។

ក្រុមអ្នកជួយសង្រ្គោះបាននិយាយថា គ្រោះរអិលបាក់ដីទាំងពីរខាងលើ បានវាយប្រហារមកលើផ្ទះអ្នកភូមិ នាវេលាទាបភ្លឺ ខណៈដែលប្រជាជនមិនអាចរត់គេចខ្លួនទៅកាន់ទីសុវត្ថិភាពបាន។

គួរជម្រាបថា ករណីអ្នកស្លាប់ចុងក្រោយនេះ បានធ្វើឲ្យចំនួនមនុស្សស្លាប់ដោយសារគ្រោះបាក់ដី និងទឹកជំនន់នៅរដូវវស្សាចាប់ពីខែមិថុនា ដល់ខែកញ្ញានេះ កើនដល់ ៣១៤នាក់។ យ៉ាងហោចណាស់មានមនុស្ស ១១១ នាក់នៅតែបាត់ខ្លួន និង ១៦០នាក់ទៀតរងរបួស៕