(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ គណបក្សសេរីប្រជាធិបតេយ្យជប៉ុន (LDP) នៅថ្ងៃចន្ទនេះបានបោះឆ្នោតជ្រើសតាំង ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ធ្វើជាមេដឹកនាំថ្មីរបស់ខ្លួនហើយ ខណៈលោកត្រូវបានគេរំពឹងថា នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី ព្រោះគណបក្សបក្សមានសំឡេងភាគច្រើននៅក្នុងសភាជប៉ុន។

២៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 សរុបនៅប្រទេសអាស៊ានមួយនេះ បានកើនឡើងដល់ ២៤នាក់ហើយ បន្ទាប់អ្នកជំងឺ ០៤នាក់បន្ថែមទៀតបានស្លាប់។

៣៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) នៅថ្ងៃចន្ទនេះបាននិយាយថា ប្រទេសនានាជាពិសេសប្រទេសអ្នកមានៗ គួរតែចុះឈ្មោះចូលរួមក្នុងកម្មវិធី COVAX របស់ខ្លួននៅត្រឹមថ្ងៃសុក្រទី១៨ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ដែលជាថ្ងៃផុតកំណត់ ដើម្បីធានាសមភាពនៃការទទួលបានវ៉ាក់សាំង COVID-19 ដែលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

៤៖ យន្តហោះដឹកអ្នកដំណើរធុនមធ្យមមានឈ្មោះសម្គាល់ថា ARJ21 ដែលជាផលិតផលក្នុងស្រុករបស់ចិនសុទ្ធសាធតែម្តងនោះ ទើបតែបង្កើនជើងហោះហើរថ្មីទៀត ក្រោមការចាត់ចែងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Southern Airlines។

៥៖ ប្រទេសជប៉ុនបានសម្រេចផ្អាកការនាំចូលសាច់ជ្រូក និងសត្វជ្រូក ពីប្រទេសអាល្លឺម៉ង់ជាបណ្ដោះអាសន្ន បន្ទាប់ពីមានការផ្ទុះវីរុសគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក ឬជំងឺប៉េសជ្រូកអាហ្វ្រិក (ASF) ដែលត្រូវបានគេពិនិត្យឃើញនៅក្នុងជ្រូកព្រៃមួយក្បាល ស្ថិតនៅភាគខាងកើតប្រទេសអាល្លឺម៉ង់។

៦៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅកាន់រដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃចន្ទនេះ (ពេលវេលានៅអាមេរិក) ដើម្បីថ្លែងពាក់ព័ន្ធនឹង បញ្ហាភ្លើងឆេះព្រៃ ដ៏សាហាវនៅក្នុងរដ្ឋភាគខាងលិខមួយនេះ ខណៈគូប្រជែងគឺលោក ចូន បៃដិន គ្រោងថ្លែងសុន្ទរកថា មួយស្តីពីបញ្ហានេះដែរពីរដ្ឋ ឌែឡាវែ (Delaware) ដែលបានដាក់បញ្ហាបម្រែបម្រួលអាកាសធាតុ ជាប្រធានបទដ៏ក្តៅគគុកសម្រាប់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនាពេលខាងមុខនេះ៕