(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចបន្ធូរបន្ថយការព្រមានរបស់ខ្លួន ប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសចិន ដោយបានទទួលស្គាល់ពីភាពជោគជ័យរបស់ចិន ក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺរាតត្បាតសកល COVID-19

ទោះបីជាមហាអំណាចនេះនៅតែបន្តរិះគន់ទីក្រុងប៉េកាំង អំពីការផ្ទុះឡើងនៃវីរុសនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។

ទោះជាយ៉ាងក្រសួងការបរទេសសហរដ្ឋអាមេរិកនៅតែទទូចដល់ជនជាតិអាមេរិក ឲ្យពិចារណាឡើងវិញចំពោះការធ្វើដំណើរទៅប្រទេសចិន ប៉ុន្តែខ្លួនបានកាត់បន្ថយកម្រិតនៃការព្រមាន ដោយកាលពីមុននេះ គឺមិនឲ្យមានការធ្វើដំណើរទៅកាន់ប្រទេសចិនដាច់ខាត។ នៅក្នុងរបាយការណ៍មួយរបស់ ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា សាធារណរដ្ឋប្រជាមានិតចិន បានចាប់ផ្តើមបើកប្រតិបត្តិការអាជីវកម្មភាគច្រើនឡើងវិញ រាប់បញ្ចូលទាំងសាលារៀនផងដែរ ហើយស្ថានភាពទូទៅមានលក្ខណៈប្រសើរច្រើន។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានប្រកាសពីជ័យជម្នះរបស់ចិនលើវីរុសកូរ៉ូណា នៅក្នុងឱកាសប្រគល់មេដាយមាសទៅឲ្យក្រុមវេជ្ជបណ្ឌិត ដែលដឹកនាំប្រទេសចិនប្រយុទ្ធប្រឆាំង នឹងវីរុសដ៏កាចសាហាវមួយនេះ។

គួរបញ្ជាក់ថា ជំងឺរាតត្បាតសកល COVID-19 គឺជាឧទាហរណ៍ដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំរបស់ចិន ក្នុងតួនាទីរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងជំងឺ ដែលអាចរាតត្បាតយ៉ាងឆាប់រហ័ស និងត្រូវការចំណាត់ការឆ្លើយតបភ្លាមៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដោយឡែកសហរដ្ឋអាមេរិកវិញ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏នៅតែបន្តរិះគន់ និងស្តីបន្ទោសទីក្រុងប៉េកាំង ចំពោះការផ្ទុះឡើងនៃជំងឺ COVID-19។ ទោះជាយ៉ាងណា លោក ត្រាំ ក៏បានរងការរិះគន់យ៉ាងខ្លាំងផងដែរ ចំពោះការដំណោះស្រាយវិបត្តិសុខភាពសាធារណៈនៅសហរដ្ឋអាមេរិក ព្រោះករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 មានចំនួនច្រើនផ្តាច់គេនៅលើពិភពលោក៕